ខេត្តស្វាយរៀង៖ បុរសជាចុងភៅ ជនជាតិចិនម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងបាវិត ឃាត់ខ្លួន បន្ទាប់ពីបង្កករណីគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នបុកជាមួយអ្នកជិះម៉ូតូទិសដៅផ្ទុយគ្នាពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់កាលពីថ្ងៃច័ន្ទ៤កើត ខែចេត្រ ឆ្នាំចសំរិទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៧:១៥នាទី យប់នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ លេខ ១៦៥-១៦៦ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិត បានឲ្យដឹងថា ជនរងគ្រោះ ដែលរងរបួសធ្ងន់ មានឈ្មោះ គៀង ចិន អាយុ២៤ឆ្នាំ ជនជាតិខ្មែរមុខ របរកម្មករ មានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ខណៈជិះម៉ូតូម៉ាកហុងដា សេ ១២៥ ផលិត២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1N-2826 ខូចខាតយ៉ាងដំណំ ។ ចំណែកបុរសជនជាតិចិន ដែលបើករថយន្តបង្កហេតុមាន ឈ្មោះ ហឺ ឈុន អាយុ៣០ឆ្នាំ មុខរបរលក់បាយ មានទីលំនៅខេត្តហ្គងចូវ ប្រទេសចិន បច្ច្ចុប្បន្នស្នាក់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះរថយន្ត០១គ្រឿងម៉ាក CRV ពណ៌សំបកឱឡឹក ពាក់ស្លាកលេខ ភ្នំពេញ2H-9441 ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបត់ ខ្វះប្រុងប្រយត្ន័ បុកប៉ះជាមួយនឹងម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1N-2826 ក្នុងទិសដៅផ្ទុយគ្នាពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជួនទៅព្យាបាលនៅឯមន្ទីរពេទ្យប្រទេសវៀតណាម ។
រីឯអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចមូលដ្ឋានបានឃាត់ខ្លួន រួមទាំងរថយន្ត និងម៉ូតូយកមកអធិការដ្ឋាននគរបាលក្រុង បាវិត ដើម្បីកសាងសំណុំរឿង ចាត់ការបន្ត តាមច្បាប់ ៕ យឹម សុថាន