ព័ត៌មានទាន់ហេតុការណ៍៖

Zilingo ចាត់កម្ពុជា ជាយុទ្ធសាស្ត្រពង្រីកអាជីវកម្មដ៏សំខាន់ ក្រោយទទួលបានដើមទុន២២៦លានដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ Zilingo ដែលជាទីផ្សារលក់ទំនិញកំពុងរីកចម្រើនយ៉ាងឆាប់រហ័សបំផុត ប្រចាំទ្វីបអាស៊ីនោះ បានប្រមូលដើមទុនបានក្នុងទឹកប្រាក់ចំនួន២២៦លានដុល្លារអាមេរិក ក្នុងគម្រោងហិរញ្ញវត្ថុ ស៊េរី D របស់ខ្លួន កាលពីពេលថ្មីៗនេះ ដើម្បីធ្វើឲ្យមូលនិធិ ដែលប្រមូលបានដោយក្រុមហ៊ុននេះ កើនដល់៣០៨លានដុល្លារ ។ បច្ចុប្បន្ន ក្រុមហ៊ុននេះ ចាត់ទុកកម្ពុជា ក៏ដូចជាទីផ្សារអាស៊ីសំខាន់ៗផ្សេងទៀត ជាផ្នែកនៃយុទ្ធសាស្ត្រនៃការរីកលូតលាស់របស់ខ្លួនដើម្បីពង្រីករអាជីវកម្មប្រភេទ B2B (អាជីវកម្មទៅអាជីវកម្ម) របស់ពួកគេ ។

វិនិយោគិនសំខាន់ៗ ក្នុងការប្រមូលមូលទុនថ្មីចុងក្រោយបំផុតនេះ រួមមាន ក្រុមហ៊ុន Sequoia Capital, Temasek Holdings, Burda Principal Investments, Sofina, មូលនិធិបណ្តាក់ទុនសិង្ហបុរី EDBI រួមជាមួយនឹងវិនិយោគិនដែលមានស្រាប់ ។

លោក Shailendra Singh នាយកចាត់ការទូទៅរបស់ក្រុមហ៊ុន Sequoia Capital (India) Singapore បានឲ្យដឹងថា៖ «ការបណ្តាក់ទុនរបស់ Sequoia ទៅលើ Zilingo ចាប់ផ្តើម តាំងពីក្រុមហ៊ុននេះ មិនទាន់ក្លាយជាក្រុមហ៊ុនសាជីវកម្មមកម្ល៉េះ ហើយឈ្មោះរបស់ក្រុមហ៊ុនក៏មិនទាន់មានជាផ្លូវការផងដែរ ។ អ្នកស្រី Ankiti និងក្រុមការងារ បានអភិវឌ្ឍគំនិតដែលមានតាំងពីដើមរបស់ពួកគេយ៉ាងឆាប់រហ័សអំពី Zilingo ឲ្យទៅជាក្រុមហ៊ុនផ្លាតហ្វមមួយ ដែលបម្រើដល់អតិថិជនចូលចិត្តម៉ូតខោអាវទាន់សម័យ ពាណិជ្ជករ អ្នកលក់រាយ ក្រុមហ៊ុនមានយីយោល្បីៗនានា និងសហគ្រាសផលិត ដើម្បីតំណាងឲ្យទីផ្សារដែលមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក ។ យើងពិតជាមានការភ្ញាក់ផ្អើលចំពោះសមត្ថភាពរបស់ក្រុមនេះ ក្នុងការរិះរក និងប្រតិបត្តិផែនទីនាំផ្លូវប្រកបដោយមហិច្ឆតាមួយនេះ ហើយខ្ញុំពិតរំភើបចំពោះការបន្តការគាំទ្រពួកគេលើដំណើរមួយនេះ» ។

ក្រុមហ៊ុន Zilingo បានចាប់ផ្តើមក្នុងនាមជាទីផ្សារស្តីពីរបៀបរបបរស់នៅ និងទីផ្សារលក់សម្លៀកបំពាក់ទាន់សម័យ និងផលិតផលរក្សាសម្ផស្ស ក្នុងឆ្នាំ២០១៥ ក្រោមការផ្តួចផ្តើមរបស់អ្នកស្រី Ankiti Bose និងលោក Dhruv Kapoor ។ បើទោះបីបានចុះកិច្ចព្រមព្រៀងអាជីវកម្មជាមួយនឹងអាជីវករខ្នាតតូចជាច្រើននៅលើផ្លាតហ្វមរបស់ខ្លួនក៏ដោយ ប៉ុន្តែ ស្ថាបនិកទាំង២ បានជួបបញ្ហាក្នុងអាជីវកម្មក្នុងដំណាក់កាលដំបូងរបស់ខ្លួន ។ អាជីវកម្មទាំងនេះ មិនអាចធ្វើឲ្យល្អប្រសើរលើចំនួននៃការលក់ចេញ ឬក៏រីកលូតលាស់បន្ថែមទៀតឡើយ ដោយសារតែមិនមានភាពងាយស្រួលលើផ្នែកបច្ចេកវិទ្យា និងខ្វះដើមទុន ស្របពេលដែលក្រុមហ៊ុនយីហោអន្តរជាតិធំៗ បានរក្សាការរីកលូតលាស់ឥតឈប់ឈរ ។ ពាណិជ្ជករខ្នាតតូចមិនអាចប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនពហុសាជីវកម្មខ្នាតធំៗបានឡើយ ខណៈដែលក្រុមក្រុមហ៊ុនខ្នាតតូចទាំងនោះ ក៏មិនមានឥទ្ធិពលខ្លាំងគ្រប់គ្រាន់ក្នុងការទទួលបានអត្រាដ៏ល្អបំផុតពីអ្នកផ្គត់ផ្គង់សេវា ឬឃ្លាំងលក់ទំនិញនានា ផងដែរ ។

បើទោះបីក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកភាគច្រើន នៅតែផ្តោតលើពាណិជ្ជកម្ម B2C (អាជីវកម្មទៅអតិជន) និង C2C (ពាណិជ្ជកម្មទៅអតិថិជន) ក៏ដោយ ប៉ុន្តែ មធ្យោបាយរបស់ក្រុមហ៊ុន Zilingo មានលក្ខខណៈពិសេស និងផ្តោតទៅលើការបង្កើតអត្ថប្រយោជន៍ដល់ពាណិជ្ជករ និងសហគ្រាសផលិតសម្លៀកបំពាក់ទាន់សម័យ និងផលិតផលថែរក្សាសម្ផស្ស ។ នៅថ្ងៃនេះ អាជីវកម្ម B2B របស់ក្រុមហ៊ុន Zilingo ផ្តោតលើការដោះស្រាយបញ្ហាដ៏ចម្បងចំនួន២ ក្នុងឧស្សាហកម្មសម្លៀកទាន់សម័យ និងផលិតថែរក្សាសម្ផស្ស ដោយទី១ ការមិនមានព័ត៌មានច្បាស់លាស់ស្តីពីក្រុមហ៊ុនសម្លៀកបំពាក់ម៉ាកល្បីៗរបស់អន្តរជាតិ ដែលកំពុងមានផែនការផលិតនៅទ្វីបអាស៊ី និងទី២ ការមានតម្រូវការប្រចាំឆ្នាំមិនទៀងទាត់សម្រាប់សហគ្រាសផលិតសម្លៀកបំពាក់នៅអាស៊ី ដែលត្រូវតែរក្សាធ្វើឲ្យរោងចក្ររបស់ខ្លួនមានដំណើរការ ។

កាលពីឆ្នាំ២០១៨ ក្រុមហ៊ុននេះ បានកើនឡើងនូវប្រាក់ចំណេញឥតឈប់ឈរ ក្រោយពីការបណ្តាក់ទុនទៅលើការពង្រីកអាជីវកម្ម B2B របស់ពួកគេ និងសមត្ថភាពនៃចង្វាក់ផ្គត់ផ្គង់ និងចែកចាយតាមរយៈផ្លាតហ្វម Zilingo Asia Mall និង Z-Seller ។

អ្នកស្រី Ankiti Bose សហស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន Zilingo ដែលបច្ចុប្បន្នសហការជាមួយនឹងក្រុមស្ថាបនិកជាស្ត្រីជាច្រើននាក់ដែលកំពុងគ្រប់គ្រងលើអាជីវកម្មឌីជីថលទើបបង្កើតថ្មីឈានមុខគេនៅតំបន់អាស៊ី បានឲ្យដឹងថា៖ «តួនាទីរបស់បច្ចេកវិទ្យាគួរតែការបង្កើតឲ្យមានរីកលូតលាស់រួមគ្នា ។ ក្នុងឧសហកម្មសម្លៀកបំពាក់ទាន់សម័យ ការគ្មានប្រសិទ្ធិភាពទៅលើចង្វាក់នៃការផ្គត់ផ្គង់ស្នូល នឹងរារាំងពាណិជ្ជករខ្នាតតូច និងមធ្យម មិនឲ្យឈានដល់សក្តានុពលទាំងមូលរបស់ខ្លួន បើធៀបទៅនឹងក្រុមហ៊ុនលក់សម្លៀកបំពាក់ធំៗមានយីហោល្បីៗ ។ យើងកំពុងតែបង្កើតទីលានប្រកួតប្រជែងមានកម្រិតស្មើគ្នាមួយតាមរយៈការផ្តល់សេវាកម្ម និងផលិតផលមានលំដាប់ថ្នាក់ល្អជាងគេបំផុត ទៅកាន់ពាណិជ្ជករនីមួយៗ មិនថា ក្នុងខ្នាតធំ ឬតូចក៏ដោយ ។ យើងគិតថា វិធីសាស្ត្រនេះ អាចបង្កើតឲ្យមានការរីកចម្រើនដ៏អស្ចារ្យសម្រាប់សហគ្រាសផលិត ស្របពេលដែលយើងនឹងពង្រឹងប្រព័ន្ធនៃចង្វាក់ផ្គត់ផ្គង់ទាំងទំនិញ និងសេវាកម្ម ដែលត្រូវបានជួយគាំទ្រដោយប្រព័ន្ធឌីជីថលរបស់ក្រុមហ៊ុន Zilingo ដែលមានបំណងធ្វើឲ្យប្រសិទ្ធិភាពរបស់ខ្លួនកាន់តែមានភាពល្អប្រសើរឡើង»៕ វឌ្ឍនា


ចែករំលែក៖