ភ្នំពេញ ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយទៀតហើយបានកើតឡើង ដោយប្តីប្រពន្ធមួយគូរស់នៅមិនចុះសម្រុងនឹងគ្នា ហើយបុរសជាប្តីស្រឡាញ់ និងប្រចណ្ឌប្រពន្ធខ្លាំងពេក ក៏បានអារ.កសម្លាប់ប្រពន្ធ រួចហើយបានចងកសម្លាប់ខ្លួនឯងតាមក្រោយ កាលពីវេលាម៉ោង៧ និង៥០នាទីយប់ ថ្ងៃទី ៩ ខែមេសា ឆ្នាំ២០១៩ នៅផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិ តាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចមូលដ្ឋានដែលចុះទៅដល់កន្លែងកើតហេតុបានឲ្យដឹងថា សពបុរសជាប្តី មានឈ្មោះ លឹម គីមតូ អាយុ ៣៤ មុខរបរ បុគ្គលិក ក្រុមហ៊ុន ស្នាក់នៅផ្ទះ អត់លេខ ផ្លូវលំ ស្ថិតនៅភូមិ តាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើត ភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។ ចំណែកសពជនរងគ្រោះជាប្រពន្ធ មានឈ្មោះ ផល ហ្គិចស៊ិវ ២៦ ឆ្នាំ មុខរបរ បុគ្គលិក ធានាគារ មានស្រុកកំណើត ភូមិតាប៊ឹម ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល មានកូនស្រី ម្នាក់ អាយុ៣ ឆ្នាំ ស្នាក់នៅ ជាមួយយាយ ។
យោងតាមសម្តីបងបង្កើតរបស់ ជនរងគ្រោះ ខាងស្រី ឈ្មោះ ផល សុងណាត ភេទប្រុស អាយុ២៨ ឆ្នាំ បានឲ្យដឹងថា មុនពេល រូបគាត់បានចេញ ពីធ្វើការត្រឡប់មកវិញ លុះពេលមកដល់ផ្ទះ រូបគាត់បានចាក់សោ ចូលទៅក្នុងផ្ទះ ក៏ស្រាប់តែប្រទះឃើញ ស្ត្រីត្រូវជាប្អូនស្រី បានស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ ពេលឃើញហេតុការណ៍បែបនេះ រូបគាត់បានរត់ចេញមកក្រៅ ហៅអ្នកជិតខាង លុះពេលនោះដែរមានអ្នកជិតខាងម្នាក់រត់ទៅមើល ដល់ខាងក្រោយផ្ទះ ក៏ស្រាប់តែឃើញ បុរស ជាប្តី ត្រូវជាបងប្អូនថ្លៃ បានចងកសម្លាប់ខ្លួនថែមទៀត ។ ដោយឃើញហេតុការណ៍បែបនេះហើយ ពួកគាត់ក៏បានរាយការណ៍ទៅប្រាប់សមត្ថកិច្ចមូលដ្ឋាន ឲ្យចុះទៅមើលកន្លែងកើតហេតុ ព្រមទាំងទំនាក់ទំនងហៅខាងជំនាញកោសល្យវិច័យរាជធានីភ្នំពេញ ឲ្យចុះទៅពិនិត្យសាកសពផងដែរ ។
បើតាមការរៀបរាប់ របស់បងប្អូន ជនរងគ្រោះ ខាងស្រីបានឲ្យដឹងបន្ថែមទៀតថា ប្តីប្រពន្ធទាំងពីរនាក់នេះ គឺរស់នៅមិនចុះសម្រុងនឹងគ្នា ឈ្លោះប្រកែកគ្នា អស់រយះពេល៣ ខែមកហើយ មូលហេតុ ដោយសាតែបុរសជាប្តី (ប្រចណ្ឌប្រពន្ធ) ហើយតាមជំនាញសមត្ថកិច្ចជំនាញបានចុះ ធ្វើកោសល្យវិច័យ ពិនិត្យសាកសព ថាពិតករណី(ឃាតកម្ម និងអត្តឃាត )ដោយបុរសជាប្តី អារកសម្លាប់ប្រពន្ធ រួចហើយបានចងកសម្លាប់ខ្លួនឯង តាមក្រោយ ពិតប្រាកដមែន ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះ ជាប្រពន្ធ ត្រូវបានបងប្អូនយកទៅធ្វើបុណ្យនៅ ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកសពជនរងគ្រោះ ជាប្តី ត្រូវបានសាច់ញាតិយកទៅតម្កល់ធ្វើបុណ្យនៅ វត្តសំបួរមាស រង់ចាំចាត់ចែងធ្វើបុណ្យតាមប្រពៃណីផងដែរ ៕ ភារ៉ា ដង្កោ