ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្ទូចធុនធំ កិនប្តី ប្រពន្ធ ស្លាប់២នាក់ អ្នកបើករថយន្តបង្ករត់គេចបាត់ស្រមោល

ចែករំលែក៖

ភ្នំពេញ ៖ ​ រថយន្តស្ទូចធុនធំមួយគ្រឿង បានបើកមិនប្រយ័ត្នកៀរម៉ូតូបណ្តាលឲ្យដួលចូលក្រោមកង់រថយន្តកិនស្លាប់ពីរនាក់ប្តីប្រពន្ធ ទុកឲ្យកូនៗរស់នៅកំព្រា ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង៩យប់ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ ១០០៣ កែងផ្លូវលំ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាប្ដីមានឈ្មោះ ញាណ សៅវុទ្ធី អាយុ៣៥ ឆ្នាំ មានស្រុកកំណើតនៅភូមិកែវឧត្ដម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រីឯប្រពន្ធនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញប្ដីប្រពន្ធជនរងគ្រោះទាំងពីរនាក់ បើកម៉ូតូមួយគ្រឿង ម៉ាកហុងដា PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HH-0909 បានឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០០៣ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្ក KATO ប្រភេទរថយន្តស្ទួចធុនធំពណ៌លឿងពាក់ស្លាកលេខ ភ្នំពេញ 5A-0889 បើកបរដោយបុរសម្នាក់រួមដំណើរ និងបុរសម្នាក់ទៀតធ្វើដំណើរស្របទិសគ្នា មកពីក្រោយម៉ូតូជនរងគ្រោះយ៉ាងលឿន ហើយបានប៉ះដៃចង្កូតម៉ូតូរបស់ជនរងគ្រោះបណ្ដាលឲ្យដួល ខ្ទាតចូលក្រោមកង់រថយន្តកិនបែកខ្លួនអូសជាង៣០ម៉ែត្រស្លាប់ ។

ក្រោយកើតហេតុភ្លាមៗ អ្នកបើករថយន្ត និងអ្នករួមដំណើរ បានឈប់រថយន្តបើកទ្វារចុះគេចខ្លួនបាត់ស្រមោល ។

បន្ទាប់មកបងប្អូនប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរមកចុះមកយករថយន្តបង្ក និងម៉ូតូព្រមទាំងលុយជាង៥០០$របស់ជនរងគ្រោះ យកទៅរក្សាទុកនៅខាងការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះទាំងប្ដីប្រពន្ធ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ


ចែករំលែក៖