ភ្នំពេញ៖ ថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំពិធីបើកសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ឆ្នាំ២០១៩BELTEI International Collaboration Conference 2019 (ប៊ិចស៊ី ២០១៩ : BICC 2019) ក្រោមប្រធានបទ “ឱកាសទៅសិក្សានៅក្រៅ ប្រទេសសម្រាប់សិស្ស-និស្សិតកម្ពុជា” ក្រោមអធិបតីភាព លោក យក់ ង៉ុយ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងដោយមានការអញ្ជើញចូលរួមពីសាកលវិទ្យាល័យល្បីៗ ចំនួន២៤ មកពី៨ប្រទេសជុំវិញពិភពលោក ។
លោក លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការរងទី១ បានមានប្រសាសន៍ថា នេះជាលើកទី២ហើយដែលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំសន្នីសីទជាលក្ខណៈអន្តរជាតិនៅកម្ពុជា ពោលគឺបន្ទាប់ពីទទួលបាន ជោគជ័យយ៉ាងធំធេងក្នុងការរៀបចំជាលើកដំបូងក្នុងឆ្នាំ២០១៨ កន្លងទៅ ។ លោកបាន ឱ្យដឹងផងដែរថា ប៊ែលធី គ្រុប មានសេវាកម្ម៣ធំៗគឺ ១-ប៊ែលធីសំណង់, ២-ប៊ែលធី ទេសចរណ៍ និង៣-ប៊ែលធីអប់រំ (ក្នុងនោះមានសាលា ប៊ែលធី អន្តរជាតិ សាកល វិទ្យាល័យ ប៊ែលធី អន្តរជាតិ និងប៊ែលធី ទំនាក់ទំនងអន្តរជាតិ) ។ បច្ចុប្បន្ន ប៊ែលធីគ្រុប មានបុគ្គលិកបម្រើការជាង ២,៥០០នាក់ និងសិស្ស-និស្សិត៤២,៨១០នាក់ ។
សាលា ប៊ែលធី អន្តរជាតិមាន២២ទីតាំង (២០ទីតាំងកំពុងដំណើរការ និង ២ទីតាំងកំពុងសាងសង់) ។
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន២ទីតាំង (១ទីតាំងកំពុងដំណើរការ ស្ថិតនៅអគារ២១ ផ្លូវ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន និងទីតាំងទី២ ស្ថិតនៅជិតរង្វង់មូលចោមចៅ ផ្លូវជាតិលេខ៣ ដែលកំពុងសាងសង់) ។ សាកលវិទ្យាល័យ មានកម្មវិធីសិក្សាពីរធំៗកម្មវិធីសិក្សាជាភាសាជាតិ (National Program)បង្រៀនជាពីរភាសាគឺភាសាខ្មែរ រួមជាមួយភាសាអង់គ្លេស និងកម្មវិធីសិក្សាអន្តរជាតិ (International Program) សិក្សាជាភាសាអង់គ្លេស ១០០ភាគរយ ។ ថ្មីៗនេះសាកលវិទ្យាល័យក៏បានបើកថ្នាក់បំប៉នភាសាចិន និងភាសាជប៉ុន ដើម្បីបំពេញតម្រូវការទីផ្សារការងារជាតិ និងអន្តរជាតិ ។
ប៊ែលធី ទំនាក់ទំនង អន្តរជាតិមានបម្រើសេវាកម្ម ៥សំខាន់ៗគឺ ១-បញ្ជូនសិស្ស-និស្សិតពូកែប៊ែលធី ទៅសិក្សានៅក្រៅប្រទេសតាមរយៈអាហារូបករណ៍ឧកញ៉ា លី ឆេង, ២-បញ្ជូនសិស្ស-និស្សិតកម្ពុជាដែលមានលទ្ធភាពបង់ថ្លៃសិក្សានៅក្រៅប្រទេស, ៣-បញ្ជូនសិស្ស-និស្សិតទូទៅធ្វើទស្សនកិច្ចសិក្សានៅក្រៅប្រទេស, ៤-កម្មវិធីផ្លាស់ប្តូរសិស្ស-និស្សិត និងចុះកម្មសិក្សានៅក្រៅប្រទេស និង ៥-ប្រឹក្សាយោបល់ និងរៀបចំទិដ្ឋាការទៅក្រៅប្រទេស ។
លោកបណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកប្រធានគណៈអធិបតី និងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំង២៤ មកពី ៨ប្រទេសជុំវិញពិភពលោក ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមសន្និសីទដ៏មានសារៈសំខាន់នេះ ។ លោកបណ្ឌិត ក៏បានជម្រាបផងដែរថា សន្និសីទកិច្ចសហប្រតិបត្តការអន្តរជាតិ ប៊ែលធី ឆ្នាំ២០១៩ រៀបចំឡើងក្នុងគោលបំណងគឺ៖
១-បង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានអប់រំឯកជន និងរដ្ឋទាំងក្នុង និងក្រៅប្រទេស ។
២-ផ្សព្វផ្សាយពីគ្រឹះស្ថានដៃគូល្បីៗនៅតាមប្រទេសនានាជូនសិស្ស-និស្សិតកម្ពុជា ជាពិសេសសិស្ស-និស្សិតប៊ែលធី ។
៣-បង្កើតវេទិកាទំនាក់ទំនងសម្រាប់គ្រឹះស្ថានសិក្សាដែលបានចូលរួម ។
៤-ផ្សព្វផ្សាយពីឱកាសទទួលបានអាហារូបករណ៍ជូនដល់សិស្ស-និស្សិតប៊ែលធីទៅសិក្សានៅបរទេស ។
៥-បង្កើនចំនួនសិស្ស-និស្សិតកម្ពុជាទៅសិក្សានៅក្រៅប្រទេសឱ្យបានកាន់តែច្រើន ។
៦-ធ្វើឱ្យមានភាពប្រសើរឡើងនូវកិត្តិនាមរបស់គ្រឹះស្ថានអប់រំទាំងក្នុងប្រទេស ថ្នាក់តំបន់ និងពិភពលោក ។
ក្នុងឱកាសនោះដែរ លោក យក់ ង៉ុយ ប្រធានគណៈអធិបតី ក៏បានថ្លែងកោត សរសើរ លោកបណ្ឌិត លី ឆេង ចំពោះការខិតខំរៀបចំឱ្យមានសន្និសីទជាលក្ខណៈ អន្តរជាតិនេះឡើង ដែលបានជួយលើក តម្កើងកិត្យានុភាពប្រទេសជាតិយើងទៅកាន់ពិភពលោក និងបានរួមចំណែកយ៉ាងធំធេងក្នុងការបង្កើនធនធានមនុស្សប្រកបដោយសមត្ថភាពនៅកម្ពុជា ។
លោករដ្ឋលេខាធិការបានលើកឡើងទៀតថា គោលនយោបាយរបស់ក្រសួងអប់រំយុវជន និងកីឡា មានចំនួន២ធំៗ រួមមាន ទី១-ជំរុញគុណភាពអប់រំប្រកបដោយគុណភាព និងលើកទឹកចិត្តឲ្យមានការសិក្សាពេញមួយជីវិត និងទី២-ជំរុញឲ្យមានការគ្រប់គ្រងល្អចំពោះគុណភាពសិក្សា ។
លោកបន្តថា ដូច្នេះការរៀនសូត្រមិនត្រឹមតែរកការងារធ្វើតែប៉ុណ្ណោះទេ គឺរៀនដើម្បីកសាងប្រទេសជាតិ ជាពិសេសការពារទឹកដីផងដែរ ។
លោកបញ្ជាក់ថា សិស្សានុសិស្សត្រូវមានវិន័យល្អនៅសាលារៀន នៅពេលចេញទៅរកការងារធ្វើកន្លែងណាក៏គេទទួលយកធ្វើការដែរ ខណៈប្រទេសដែលមានភាពជឿនលឿនគឺជាប្រទេសដែលមានការគោរពវិន័យផងដែរ ។
ជាទីបញ្ចប់ លោកប្រធានគណៈអធិបតី បានអញ្ជើញកាត់ខ្សែបូរបើកជាផ្លូវការសន្និសីទ BICC 2019 និងបានប្រគល់វត្ថុអនុស្សាវរីយ៍ ព្រមទាំងថតរូបទុកជាអនុស្សាវរីយ៍រួមគ្នានាពេលនោះផងដែរ៕ ស រស្មី