ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូគេយកទៅលាក់ទុកក្នុងព្រៃ នគរបាលព័ទ្ធចាប់ដាក់ខ្នោះដៃ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋឈើតុំ និងប្រជាការពារភូមិ សហការព័ទ្ធជនចាប់ជនសង្ស័យម៉ូតូគេយកទៅលាក់ទុកក្នុងព្រៃ នៅគ្រាដែលម្ចាស់ម៉ូតូចូលទៅរាំលេងភ្លេចដកកូនសោ ។
ប្រតិបត្តិការខាងលើធ្វើឡើងនាព្រឹកថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចក្លិប រាត្រីយីហោ ណាត់ជួប ស្ថិតក្នុងភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
យោងតាមរបាយការណ៍ នគរបាលស្រុកក្រគរ ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ តុន អូន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ វត្ថុតាងម៉ូតូ ដែលជនសង្ស័យលួចជិះយកទៅលាក់ទុកក្នុងព្រៃម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1G 0264 ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ សុន ហន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបឹងស្មុគ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
របាយការណ៍ខាងលើបន្តថា ជនរងគ្រោះជាម្ចាស់ម៉ូតូ (សុន ហន) បានរៀបរាប់អំពីរឿងហេតុ នៅវេលាម៉ោងប្រមាណ១រំលងអធ្រាត្រ ខ្លួនបានជិះម៉ូតូមកកន្លែងក្លិបរាត្រីយីហោ ណាត់ជួប រួចបានចូលទៅរាំលេងក្នុងក្លិប ដោយភ្លេចដកកូនសោពីម៉ូតូ ធ្វើឲ្យជនសង្ស័យមានឱកាសលួចជិះយកទៅ ប៉ុន្តែបានដឹងភ្លាមៗ ក៏នាំគ្នាដេញប្រកិតៗពីក្រោយ រហូតបាត់នៅកន្លែងព្រៃស្ងាត់មួយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ខណៈនោះកម្លាំងប៉ុស្តិ៍ និងប្រជាការពារភូមិចាត់កម្លាំង ឃ្លាំមើល រហូតភ្លឺ ទើបបង្រ្កាបមុខសញ្ញាបានតែម្ដង ។
របាយការណ៍ដដែលបន្តទៀតថា ភ្លាមៗនោះ ជនសង្ស័យរួមទាំងវត្ថុតាងម៉ូតូ បាននាំយកមកបន្តនីតិវិធីនៅប៉ុស្ដិ៍ នគរបាលរដ្ឋបាលឈើតុំ ដើម្បីបំពេញសំណុំឯកសារបញ្ជូនបន្តទៅ អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរចាត់ការបន្ត៕ ប៉ឹម ពិន

ចែករំលែក៖