ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសចំនួន២នាក់ បានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក សាំយ៉ុង នឹងរថយន្ត កុងតឺន័រ នៅគ្រាកំពុងធ្វើចរាចរណ៍ច្រាស់ ទិសគ្នា ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើ បានកើតឡើងនៅវេលាម៉ោង២និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៣៤ លេខ១៣៥ ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
របាយការណ៍នគរបាលស្រុកក្រគរថា មុនដំបូងគេឃើញរថយន្ត១គ្រឿងម៉ាក សាំយ៉ុង ពណ៌ស្លែ ពាក់ស្លាក់លេខ ភ្នំពេញ 2AG 8614 ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានបុកសត្វពាហនៈ(ក្របី) រួចរេចង្កូតទៅបុករថយន្តកុងទឺន័រ ដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នា ពេញទំហឹង បណ្ដាលឲ្យរថយន្តកុងតឺន័រ រេចង្កូតទៅស្លាកព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ។ ចំណែកភាគីខាង រថយន្តម៉ាក សាំយ៉ុង របួសធ្ងន់ចំនួន ២នាក់ ។
របាយការណ៍ខាងលើបន្តថា រថយន្តកុងតឺន័រ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A 2014 អ្នកបើកបរគេចខ្លួន ភ្លាមៗនោះជនរងរបួសធ្ងន់ទាំង ២នាក់ខាងភាគីរថយន្តម៉ាក សាំយ៉ុង ត្រូវប្រជាពលរដ្ឋ និងសាច់ញាតិ បញ្ជូនទៅទៅសង្រ្គោះ នៅមន្ទីរពេទ្យឯខេត្តកំពង់ឆ្នាំង មិនទាន់ឃើញបងប្អូនចូលខ្លួនមកដោះស្រាយនៅឡើយទេ ចំណែកវត្ថុតាងរថយន្តទាំងចំនួន ២គ្រឿង បានយកមករក្សាទុកជាបណ្ណោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ រង់ចាំវាស់វែង និងដោះស្រាយគ្នាជាក្រោយ ៕ ប៉ឹម ពិន