ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញរកស៊ីដឹកឈើលួចលាក់បង្កប់ជាច្រើនឆ្នាំ ជាប្រភេទរថយន្តខ្នាតយក្សយីឌុប ត្រូវបែកការ ព្រោះចរចាមិនត្រូវគ្នា ទើបសមត្ថកិច្ចបង្ក្រាប

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ រថយន្តខ្នាតយក្សមួយគ្រឿង លួចដឹកឈើគ្រឿងផ្ទះ យូរឆ្នាំ គ្មានច្បាប់ដោយមានការឃុបឃិតគ្នាជាមួយសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន ទើបធ្វើឲ្យឈ្មួញទាំងនោះ រកស៊ីដឹកឈើនេះ យ៉ាងរលូនយូរឆ្នាំបាន ។

ចំណែករថយន្ត ដែលត្រូវបង្ក្រាបនោះ ប្រហែលជាមានការចរចាគ្នាមិនត្រូវហើយ ទើបធ្វើឲ្យជំនាញ ក្តៅក្រហាយ រាយការណ៍មកការិយាយល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីសហការ ចុះបង្ក្រាបដល់ទីតាំងឡើងឈើនេះតែម្តង ។ ហេតុការណ៍នេះធ្វើឡើងនៅវេលាម៉ោង៧និង៤៥នាទី ថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងចំណុចភ្នំគោរ៉ោ ភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

ប្រភពមួយបានលួចបង្ហើបប្រាប់ថាៈ រថយន្តខាងលើនេះតែងតែមកធ្វើសកម្មភាព ដឹកឈើនៅចំណុចខាងលើជាយូរឆ្នាំមកហើយ ហើយគេក៏មិនដែលឃើញមានសមត្ថកិច្ចណាមកបង្ក្រាប ឬទប់ស្កាត់ម្តងណាឡើយ គេតែងតែសង្កេតឃើញមានសមត្ថកិច្ច ជាច្រើន ចេញ ចូល មកជួបជាមួយមេឈ្មួញរូបនោះ មិនឃើញបង្ក្រាបនោះឡើយ មិនថា មេព្រៃ ឬក៏នគរបាលប៉ុស្តិ៍នោះទេ មកជួបហើយក៏ទៅវិញអស់បន្សល់ទុកឲ្យឈ្មួញធ្វើសកម្មភាពធម្មតា ។

ប្រភពដដែលបានបន្តថា រថយន្តដឹកឈើខាងលើនេះ ក្រោយពីការដាក់ឈើពេញគេតែងតែធ្វើការចេញដំណើទៅខាងខេត្តព្រះវិហារ ជារៀងរាល់ជើង ហើយឈ្មួញឈើខាងលើនោះបានគែន ក៏ដូចបំផុសពលរដ្ឋឲ្យចូលព្រៃកាប់ឈើគ្រប់ទិសទី ភាគច្រើនចេញពីព្រៃឡង់ ដែនជម្រកសត្វព្រៃ ជាដែនសមត្ថកិច្ចការពាររបស់បរិស្ថានផងដែរ គេពុំដែលឃើញខាងមន្ត្រីបរិស្ថានទាំងនោះទប់ស្កាត់នោះឡើយ ។

ប្រហែលជាត្រូវដង ត្រូវផ្លែគ្នា ជាមួយមន្ត្រីបរិស្ថាននោះហើយមើលទៅ ទើបមានការដឹកជញ្ចូនឈើចេញពីព្រៃឡង់យ៉ាងហូរហែរមិនចេះឈប់ យកមកលក់ឲ្យមេឈ្មួញនៅចំណុចខាងលើ ហើយដែលបង្ក្រាបបាននោះសោធ ដោយមានការពីអ្នកសារព័ត៌មានទើបឈានដល់មានការបង្ក្រាប តែចំណែកគំនរឈើដែលនៅសល់ជាច្រើន មិនតិចម៉ែត្រគូបនោះទេក្រោយពីការបង្ក្រាបរថយន្តហើយនោះ គេមិនបានឃើញសមត្ថកិច្ចបង្ក្រាប ឬប្រមូលឈើនៅសល់នោះមករក្សាទុកនោះឡើយ ។

ជុំវិញរឿងនេះលោកវ៉ា សុខា នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកថាឡាបរិវ៉ាត់បានឲ្យដឹងថា រថយន្តយីឌុបដឹកឈើល្មើសច្បាប់ខាងលើ លោកបានរាយការណ៍ជូនគណៈបញ្ជាការឯកភាពខេត្ត ដើម្បីសុំកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការ ដើម្បីបង្ក្រាបព្រោះវាជាទ្រុងទ្រាយធំ រួចក៏នាំមករក្សាទុកនៅស្នងការរដ្ឋាននគរបាលខេត្ត លុះព្រឹកឡើងទើបនាំយកទៅ​​​​​​​​​​​​​​​​​​​​​​​​​​​​ រក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត តែចំនួនម៉ែត្រគូបនៅមិនទាន់ដឹងនៅឡើយទេ ព្រោះកម្លាំងមន្ត្រីទៅស្រុកអស់ហើយ យ៉ាងជិតចូលឆ្នាំផង ចំណែតឈើនៅសល់មិនបានយកទេ ព្រោះអស់ពីសមត្ថភាពលោកហើយ ។

គួររំលឹកថា ឈើដែលនៅសល់ជាច្រើនម៉ែត្រគូប ដែលឈ្មួញលើកដាក់រថយន្តមិនអស់នោះ មិនត្រូវបានបង្ក្រាបទេ ព្រោះលោកវា សុខា ឆ្លើយថា លើសពីសមត្ថភាពលោកហើយ ធ្វើឲ្យពលរដ្ឋមានការងឿងឆ្ងល់ជាខ្លាំងថា ហេតុអ្វីឈើដែលនៅសល់ មិចក៏មិនបង្ក្រាប បង្ក្រាបតែរថយន្តដឹកឈើទៅវិញ ឬមួយក៏ទុកសម្រួលជាមួយមេឈ្មួញ ទុកដោះស្រាយចែកគ្នាចាយ ក្រៅប្រព័ន្ធទេដឹងទើបមិនបង្ក្រាប ។

ចំណែកលោកលៀង សេង ប្រធានមន្ទីរកសិកម្មខេត្ត មិនអាចសុំការបំភ្លឺបានទេ នៅរសៀលថ្ងៃទី១០ ខែមេសា ព្រោះទូរស័ព្ទលោកខលទៅជាប់រវល់រហូត ៕ មាស សុផាត


ចែករំលែក៖