ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានចូលទៅធ្វើសកម្មភាព លួចម៉ូតូមួយគ្រឿងក្នុងផ្ទះប្រជាពលរដ្ឋមួយកន្លែង ខណៈម្ចាស់មិនទាន់ចាក់សោតែមិនបានសម្រេចត្រូវបានម្ចាស់ផ្ទះឃើញទាន់ដេញចាប់បានដាក់មួយដៃមួយជើងឡើងទ្រមខ្លួនរួចប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះលេខ២០ ផ្លូវលំ កែងនឹងផ្លូវសហពន្ធ័រុស្សី ភូមិចុងថ្មល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនសង្ស័យមិនអាចបញ្ជាក់ពីអត្តសញ្ញាណនោះទេ ព្រោះរងរបួសធ្ងន់ ។
តាមប្រភពពីម្ចាស់ផ្ទះមានឈ្មោះ ណូ ពិដោ ភេទស្រី អាយុជាង៤០ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ បានឲ្យដឹងថា មុនកើតហេតុផ្ទះរបស់គាត់ បន្ទប់ជាន់ខាងក្រោម មានដាក់សម្ភារមួយចំនួន រួមនឹងម៉ូតូឌ្រីមសង់មួយគ្រឿង នៅក្នុងបន្ទប់នោះដែរ ដោយរូបគាត់មិនទាន់បានចាក់សោនោះទេ លុះដល់ម៉ោងកើតហេតុខាងលើ ស្រាប់ឮសំឡេងធ្លាក់លាន់តែប្រ៉ាវ ខណៈនោះរូបគាត់មានការសង្ស័យ ក៏បានចុះពីលើផ្ទះមករកមើលបន្ទប់ខាងក្រោម ស្រាប់តែឃើញសម្ភារឡាំងជ័រមួយដុំ ដែលរូបគាត់ដាក់នៅលើម៉ូតូកន្ទុយផ្នែកខាងក្រោយ ត្រូវជនសង្ស័យលើកមកដាក់ខាងក្រោម ដើម្បីបំណងលួចយកម៉ូតូ តែមិនទាន់បានសម្រេច រូបគាត់ឃើញហើយស្រែកថា ចោរៗស្រាប់តែ សង្ស័យបានរត់ទៅចូលបន្ទប់មួយទៀត ដែលនៅជាប់បន្ទប់កើត ហេតុខាងលើ ហើយបានហែកជញ្ជាំងបន្ទប់រួចរត់ចេញក្រោយត្រូវបានម្ចាស់ផ្ទះ ក៏ដូចប្រជាពលរដ្ឋឃើញ បាននាំគ្នាដេញចាប់បាននៅចំណុចគល់ស្ពានអាកាសផ្សារដីហុយខាងកើត ហើយនាំគ្នាវាយមួយដៃមួយជើងឡើងទ្រមខ្លួន រួចប្រគល់ជូនសមត្ថកិច្ច ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកសួរនាំបន្ត នៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកថ្លា រួចបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការទៅតាមច្បាប់ ។ ចំណែកម្ចាស់ផ្ទះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រួចរាល់ផងដែរ ៕ សុខាសែនជ័យ