ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានគូសបញ្ជាក់ថា ការបើក ដំណើរការផ្លូវដែកជាមួយប្រទេសថៃនឹងអាចឱ្យអ្នកដំណើរឆ្លងកាត់ប្រទេសអាស៊ានមួយចំនួនបាននាពេលខាងមុខនេះ ។
ក្នុងដំណើរចុះពិនិត្យសា្ថនីយរថភ្លើងប៉ោយប៉ែតខេត្តបន្ទាយមានជ័យកាលពីថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ ២០១៩កន្លងមកនេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានថ្លែងថា ផ្លូវដែកកម្ពុជា បានតភ្ជាប់ជាមួយផ្លូវដែកថៃហើយ។ ប៉ុន្តែ ភាគីទាំង២មិនទាន់បានបើកឱ្យដំណើរ ការនៅឡើយទេ ដោយសារកម្ពុជានិងថៃ មិនទាន់ ចុះកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវដែកជាមួយគ្នា។ ប៉ុន្តែកិច្ចព្រមព្រៀងនេះបានរៀបចំរួចរាល់អស់ហើយដោយរង់ចាំតែថ្ងៃ ប្រមុខរាជរដ្ឋាភិបាលប្រទេសទាំង២ចុះកិច្ចព្រមព្រៀងនៅថ្ងៃបើកសម្ពោធផ្លូវដែកឆ្លងកាត់ប្រទេសកម្ពុជា-ថៃនៅថ្ងៃទី២២ខែមេសាខាងមុខនេះតែប៉ុណ្ណោះ ។
លោកបានបន្ដថា ទន្ទឹមនេះដែរនៅថ្ងៃ បើកសម្ពោធផ្លូវដែកឆ្លងកាត់ប្រទេសទាំង២ក៏មានការចុះហត្ថលេខាលើកិច្ចព្រម ព្រៀង ហើយភាគីថៃនឹងប្រគល់ទូរថភ្លើង ចំនួន៤ទូដល់កម្ពុជាផងដែរ។ លោកទេស រដ្ឋមន្ត្រីបានបន្ដទៀតថា នៅពេលបើក ដំណើរការជាផ្លូវការផ្លូវដែកនេះទាំងការដឹក ទំនិញទាំងអ្នកដំណើរ និងអ្នកទេសចរ អាចធ្វើដំណើរឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយតាមរយៈការជិះរថភ្លើងតែម្តងក៏បាន។ លោកបានបន្ថែមថា “ប្រជារាស្ត្រ អាចធ្វើដំណើរកម្មករកម្មការិនីអាចធ្វើ ដំណើរពីបាងកកមកដល់កម្ពុជា ចំណែក អ្នកធ្វើដំណើរតាមរថភ្លើងពីខេត្តព្រះសីហនុ និងពីរាជធានីភ្នំពេញដល់ប៉ោយប៉ែតអាចបន្ត ដំណើរតាមរថភ្លើងដល់បាងកកដល់ម៉ាឡេស៊ី ឬសិង្ហបុរីក៏បាន”។
ពាក់ព័ន្ធកជំរុញការដឹកជញ្ជូនតាមផ្លូវដែកនេះ ក្រុមហ៊ុនវិនិយោគ Royal Railway ដែលបានទទួលសិទ្ធិវិនិយោគផ្លូវដែកកម្ពុជា បានបញ្ជាទិញរថភ្លើងពីប្រទេសមិចស៊ីកូ ចំនួន៣គ្រឿងដែលក្នុង១គ្រឿងមានតម្លៃ២លានដុល្លារ។ ចំពោះសមត្ថភាពរបស់ រថភ្លើងនេះដែររួមមានផ្ទុកមនុស្សបាន៥៦នាក់ មានម៉ាស៊ីនត្រជាក់កៅអីអង្គុយធំ ទូលាយ មានបំពាក់ប្រព័ន្ធ Wi-Fi ប្រព័ន្ធ ហ្វ្រាំងចាប់បានលឿនរហ័សបង្កើនល្បឿនបានលឿនដល់៨០-៩០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។ មានទ្វារ និង ជណ្តើរចុះដោយស្វ័យប្រវត្តិមានបំពាក់ប្រព័ន្ធគ្រប់ គ្រងរំយោល មិនរលាក់ ប្រតិបត្តិការអាច បញ្ជាបានទាំងសងខាងមានទូរទស្សន៍១២ គ្រឿងក្នុងមួយទូរថភ្លើងបង្គន់អនាម័យ ៕ ហេង សូរិយា