ព័ត៌មានទាន់ហេតុការណ៍៖

តុលាការបដិសេធសំណើសុំនៅក្រៅឃុំរបស់ នាង យិន ម៉ាណា

ចែករំលែក៖

ភ្នំពេញ ៖ លោក ប៊ុន ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានបដិសេធពាក្យស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់នាង យិន ឃុនម៉ី ហៅម៉ាណា ដោយបន្តឃុំខ្លួនក្នុងពន្ធនាគារដដែល ។ នេះបេីតាមប្រភពព័ត៌មានពីមន្ត្រីតុលាការ ។ តាម នីតិវិធីនាងយិន ម៉ាណា អាចសុំបន្តទៀត ទៅសាលាឧទ្ធរណ៍ ។

នាង យិន ឃុនម៉ី ហៅ ម៉ាណា ដែលបើករថយន្តយ៉ាងសាហាវបុកនិស្សិតស្រី ឌុំ រីដា ស្លាប់យ៉ាងអាណោចអាធ័មត្រូវបានបញ្ជូនពីពន្ធនាគារប៉េហ្ស៊ីទៅដេកនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀតកាលពីយប់ថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ ២០១៩ កន្លងទៅដើម្បីព្យាបាលជំងឺសួត ដែលបណ្តាលឲ្យថប់ដង្ហើម ។

តាមប្រភពពីបុគ្គលិកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានឲ្យដឹងថា នៅរសៀល ថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ អនុរក្សពន្ធនាគារបានបញ្ជូន នាង យិន ឃុនម៉ី ហៅម៉ាណា ទៅឃុំខ្លួនទៅពន្ធនាគារប៉េហ្ស៊ីវិញ ។

ដោយឡែក ឧកញ៉ា គិត ធាង ម្ចាស់ មជ្ឈមណ្ឌលកម្សាន្តរ៉ក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀនដ៏កក្រើក កំពុងដេកពេទ្យនេះ នៅឡើយទោះបីស្ថានភាពជំងឺធូរស្រាល ក៏ដោយ ។

សូមបញ្ជាក់ថា លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញថ្លែងតាមបណ្ដាញសង្គម តេឡេក្រាម ថា “ក្រោយពីពិនិត្យសំណុំរឿង និងបញ្ចប់ការសាកសួរលើឈ្មោះ យិន ឃុនម៉ី ហៅ ម៉ាណា តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទ ប្រកាន់ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយត្ន័បណ្តាលឲ្យស្លាប់អ្នកដទៃតាមមាត្រា៨៥នៃច្បាប់ចរាចរណ៍ផ្លូវគោក” ។

យោងតាមមាត្រា ៨៥កថាខណ្ឌទី២ នៃច្បាប់ចរាចរណ៍ផ្លូវគោកឃើញថានាង យិន ឃុនម៉ី ហៅ ម៉ាណាត្រូវប្រឈមនឹងការជាប់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំនិងពិន័យជាប្រាក់ពី១០លានរៀលទៅ២៥លានរៀលក្នុងករណីដែលនាងបានរត់គេចខ្លួនពី កន្លែងកើតហេតុក្នុងគោលបំណងគេច វេះពីការទទួលខុសត្រូវ។

លោកស្រី ផាត់ ពៅ អាយុ៥០ឆ្នាំ ជា ម្តាយបង្កើតសពនិស្សិត ឌុំ រីដា នៅថ្ងៃទី​២៩ ខែមីនា ឆ្នាំ២០១៩ នេះ ដាក់ពាក្យ បណ្ដឹងផ្លូវការចូលលោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញប្តឹង ជនបង្កឈ្មោះ យិន ម៉ាណា អាយុ១៧ឆ្នាំ ដោយទាមទារសំណងជំងឺចិត្តចំនួន២០ ម៉ឺនដុល្លារអាមេរិក និង ស្នើឱ្យចាត់ការតឹង រ៉ឹងបំផុតតាមផ្លូវច្បាប់ ចំពោះជនបង្ករូបនេះ ។ ប៉ុន្តែក្រោយមក ព្រមទទួលសំណងចំនួន៧ម៉ឺនដុល្លារអាមេរិករួចដកពាក្យបណ្តឹងវិញ។ ប៉ុន្តែតុលាការនៅបន្តតាមនីតិវិធី ដដែលដោយសារនៅជាប់បណ្តឹងអាជ្ញា។

នារី យិន ឃុនម៉ី ហៅ ម៉ាណា បានបើក រថយន្តទំនើប RANGE ROVER ពាក់ ស្លាកលេខ 2AF-7777 បុកនិស្សិតស្រី ឌុំ រីដា ស្លាប់យ៉ាងអាណោចអាធ័មរួចបើក រថយន្តគេចខ្លួនបាត់ ។

ជុំវិញបញ្ហានេះមហាជនបានថ្កោល ទោសយ៉ាងខ្លាំងក្លា ទើបជនបង្កព្រមចូល ខ្លួនសារភាពដោយខ្លួនឯង ៕ ចេស្តា


ចែករំលែក៖