ព័ត៌មានទាន់ហេតុការណ៍៖

បែកធ្លាយហើយឈ្មោះ ស្រេន វីរៈ ឬស្រេង វិរៈហៅ ស្រេង ល័ក្ខ ជាមេខ្លោង​ជួញ​ដូរគ្រឿងញៀនខុសច្បាប់ ក្នុងក្លិបម៉ៃអាមី បន្ទាប់ពីលោកស្នងការ ស ​ថេត ចុះបង្ក្រាបឃាត់មនុស្ស៥០នាក់

ចែករំលែក៖

ភ្នំពេញ ៖ ការគាំទ្រពីមជ្ឈដ្ឋានប្រជា ពលរដ្ឋមានចំនួនច្រើនលើសលប់ចំពោះ ចំណាត់ការរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញដែលបើកប្រតិបត្តិការបង្ក្រាបក្លិបកម្សាន្តយីហោ ម៉ៃអាមី ដែលលួចលាក់ផលិតសារធាតុញៀនខុសច្បាប់ នៅក្នុងទីតាំងក្លិបមួយនេះ ក្នុងបទល្មើសជាក់ស្តែងនិងឃាត់ខ្លួន មនុស្ស៥០នាក់ ក្នុងនោះមានស្រី១២នាក់ កាលពីវេលាម៉ោង១និង​៣០​នាទីរំលង អធ្រាត្រឈានចូល ថ្ងៃព្រហស្បតិ៍ ៧កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ នៅ ទីតាំងអគារលេខ១៥៩ ផ្លូវលេខ៣៦០ ភូមិ៨ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ឯក ស ថេត បាន ឲ្យដឹងថា ប្រតិបត្តិការនេះមានកិច្ចការ សម្របសម្រួលទៅបានដោយមានការ អនុញ្ញាតពីលោក លី សុផាន់ណា ព្រះរាជ អាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការ សហការពីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត ស្រាលរាជធានីភ្នំពេញកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមនព្រមទាំងកម្លាំង ប៉ុស្តិ៍រដ្ឋបាលបឹងកេងកង១ជាច្រើននាក់ ។

បើទោះជាសមត្ថកិច្ចមិនទាន់បញ្ជាក់ អំពីអត្តសញ្ញាណជនសង្ស័យដែលត្រូវបានឃាត់ខ្លួនក្នុងបទជួញដូរគ្រឿង​ញៀនខុសច្បាប់និងការលួចលាក់ផលិតសារធាតុញៀន ក្នុងទីតាំងក្លិបម៉ៃអាមីនេះ ក៏ដោយក៏ប្រភពគួរឲ្យជឿទុ​កចិត្តបានបង្ហើបថាជនសង្ស័យម្នាក់ឈ្មោះ ស្រេន វីរៈ ឬស្រេង វីរៈ ហៅ ស្រេង ល័ក្ខ ភេទប្រុស អាយុ៤៤ឆ្នាំគឺជាមេ ខ្លោងដ៏ធំ បំផុតក្នុងការជួញដូរគ្រឿងញៀនខុសច្បាប់ លួចផលិតសារធាតុញៀនក្នុងទីតាំងនេះយូរឆ្នាំមកហើយ ។ ក្នុងនោះ ក៏ត្រូវបាន សមត្ថកិច្ចចុះបង្ក្រាបជាច្រើនលើកតាំងពី ក្លិបនេះពីមុនដាក់ឈ្មោះថា អ័រគីដេ ។

ម្យ៉ាងទៀតអ្វីដែលចម្លែកបំផុតនោះត្រង់ថា ស្រេន វីរៈហៅស្រេង វីរៈ ហៅ ស្រេង ល័ក្ខ មានដីកាចាប់ខ្លួនពីតុលាការក៏សមត្ថកិច្ចមិនបានយកទៅអនុវត្តដែរទើប ស្រេន វីរៈឬស្រេង វីរៈ ហៅ ស្រេង ល័ក្ខ នៅមានវត្តមានចំពោះ មុខសមត្ថកិច្ចនិងបើកអាជីវកម្មជួញដូរ គ្រឿងញៀន លួចផលិតសារធាតុញៀនក្នុងក្លិបម៉ៃអាមីនេះមកទល់នឹងបច្ចុប្បន្ន។ ដូច្នេះវាំងននខ្មៅត្រូវ បានលាតត្រដាងក្រោមកណ្តាប់ដៃដែកលោក ស ថេត អគ្គស្នងការ រងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រតិបត្តិការនាវេលាម៉ោង១ រំលងអធ្រាត្រថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩។

គួររំឭកថា ឈ្មោះ ស្រេន វីរៈ ឬស្រេង វីរៈ ហៅស្រេង ល័ក្ខ នេះជាមេខ្លោងជួញដូរ គ្រឿងញៀនយ៉ាងសកម្មជាយូរឆ្នាំមកហើយ ជាក់ស្តែងកាលពីថៃ្ងទី៨ ខែមេសា ឆ្នាំ ២០០៧ ឈ្មោះ ស្រេន វីរៈ ត្រូវបានកម្លាំង សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនចាប់ បញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ដាក់គុកម្តងរួចមកហើយដោយចោទប្រកាន់ពីបទជួញដូរគ្រឿង ញៀនខុសច្បាប់ និងប្រើប្រាស់អាវុធខុស ច្បាប់ប្រព្រឹត្តនៅខណ្ឌប្ញស្សីកែវ រាជធានី ភ្នំពេញមិនយូរប៉ុន្មានជនជាប់ចោទរូបនេះត្រូវបានចេញពីគុកមកវិញហើយបន្តធ្វើ សកម្មភាពជួញដូរគ្រឿងញៀនយ៉ាងសកម្មទៀតដោយមិនរៀងចាលឡើយដល់ពីថ្ងៃ ទី២០ ខែតុលា ឆ្នាំ២០១៦ មន្ត្រីនគរបាល ការិយាល័យប្រឆាំងការសម្អាតប្រាក់នៃ មន្ទីរប្រឆាំងគ្រឿងញៀនបានចុះអនុវត្តវិធានញុះញង់ ឲ្យលក់គ្រឿងញៀនខុសច្បាប់និង បានបង្ក្រាបមុខសញ្ញាកំពុងធ្វើ សកម្មភាពដោយឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចរង្ចង់មូលទួលគោក សង្កាត់បឹងកក់១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ កាលពីម៉ោង៥ និង៣០នាទីព្រឹក ។ ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ស៊ូ យាំង លាង ភេទប្រុស ជនជាតិចិន អាយុ៤៤ឆ្នាំ មានស្រុកកំណើតនៅខេត្តហ្វូជៀង ប្រទេសចិន ។

ក្រោយពីឃាត់ខ្លួនជនជាតិ ចិនរូបនេះ សមត្ថកិច្ចក៏បានចាប់យកវត្ថុ តាងមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន មានទម្ងន់ ៥០១,០៧ក្រាម ។ បន្ទាប់មកសមត្ថកិច្ចបានបន្តនីតិវិធីឆែកឆេរលំនៅ ឋានលេខ៤សេដេ ផ្លូវលេខ៦១៦ ក្រុម៨៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជ ធានីភ្នំពេញ ជាផ្ទះរបស់ឈ្មោះ ចេន យុនអន ហៅពែក ភេទប្រុស ជនជាតិ ខ្មែរ (រត់គេច ខ្លួន)ដល់បច្ចុប្បន្ន ។

ក្នុងថ្ងៃដដែលនៃប្រតិបត្តិការបង្ក្រាបគឺម៉ោង៩ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ សមត្ថកិច្ចចាប់យក វត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លាប្រភេទមេតំហ្វេតាមីនទម្ងន់៤០៨៨,១៨ក្រាម, ថ្នាំ គ្រាប់ពណ៌ផ្កាឈូកសញ្ញា Love ប្រភេទ MDMA ទម្ងន់ ៧១៣,៥៥ក្រាម, សារធាតុ រាវប្រភេទតេតាមីនចំនួន២០០០ដបក្នុង ១ដបទម្ងន់០,៥ក្រាមសរុបស្មើទម្ងន់១០០០ក្រាម, ម្សៅក្រាមពណ៌សទម្ងន់៥៤គីឡូ ក្រាម ដើម្បីយកទៅធ្វើតេស្ត ។

បន្ទាប់ពីឃាត់ជនសង្ស័យឈ្មោះ ស៊ូ យុំាងលាង ជននេះពិតជាបានសារភាពថាខ្លួនបានប្រព្រឹត្តការជួញដូរខុសច្បាប់នូវសារធាតុញៀននៅត្រង់ចំណុចរង្វង់មូល ទួលគោក សង្កាត់បឹងកក់២ ខណ្ឌទួល គោក រាជធានីភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ។ ក្នុងនោះសមត្ថកិច្ចក៏បានស៊ើបដឹងថា ឈ្មោះ ចេន យុនអន ហៅពែក (រត់គេចខ្លួន)គឺជាមេខ្លោងផលិតនិងកែច្នៃរក្សាទុក និងជួញដូរខុសច្បាប់នូវសារធាតុ ញៀនយកមកលក់ឲ្យឈ្មោះ ស៊ូ យាំង លាង ។

ដោយឡែកឈ្មោះ ស្រេន វីរៈឬ ស្រេង វីរៈ ហៅស្រេង ល័ក្ខ ដែលត្រូវបាន កម្លាំងនគរបាលលោកឧត្តមសេនីយ៍ ស ថេត បង្ក្រាប និងឃាត់ខ្លួននៅក្លិបម៉ៃអាមី កាលពីវេលាម៉ោង១និង៣០នាទីរំលង អធ្រាត្រថ្ងៃទី១១ ខែមេសា ឆ្នាំ ២០១៩នេះ កន្លងទៅគឺជាបក្ខពួកមេខ្លោងនិងជាមេខ្លោងជួញដូរគ្រឿងញឿនខុស ច្បាប់ជាមួយក្រុម ជនសង្ស័យខាងលើនេះ រហូតដល់ជនរូបនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានី ភ្នំពេញកាលពីឆ្នាំ២០១៦និងចេញដីកាចាប់ខ្លួន ប៉ុន្តែសមត្ថកិច្ចមិនបានចាប់ជនជាប់ចោទឈ្មោះ ស្រេន វីរៈ ឬ ស្រេង​ វីរៈ ហៅ ស្រេង ល័ក្ខ នោះទេ បានត្រឹមយកដីកាទៅទុក ហើយក៏ត្រូវបានគេលួចទម្លាយថាសមត្ថ កិច្ចមិនហ៊ានចាប់ តាមដីការពាក់ព័ន្ធនឹង បទល្មើសជួញដូរគ្រឿងញៀនខុសច្បាប់ លួចលាក់ផលិតសារធាតុញៀនដោយ សារតែ មាននគរបាលជាន់ខ្ពស់មួយរូបនៅពីក្រោយខ្នង ឬជាអ្នកហាមឃាត់សមត្ថកិច្ចមិនឲ្យចាប់ខ្លួន ។ ក្នុងសំណុំរឿងនេះ ដែរ ជនជាប់ចោទឈ្មោះ ស្រេន វីរៈឬ ស្រេង វីរៈ ហៅ ស្រេង ល័ក្ខ គិតចាប់ពីចុងឆ្នាំ២០១៦ មកទល់បច្ចុប្បន្នត្រូវបានចៅក្រមកំណត់កាលបរិច្ឆេទជំនុំជម្រះចំនួន៥លើកមក ហើយប៉ុន្តែត្រូវបានលើកពេលជម្រះរហូតដោយចៅក្រមយកលេសថា ជនជាប់ ចោទគ្មានមេធាវីការពារ ។

ចំណុចនេះក៏ កើតជាចម្ងល់ផងដែរថា បើជនជាប់ចោទគ្មានមេធាវីសម្រាប់ការពារក្តីឲ្យ តើ ចៅក្រមមានសិទ្ធិចាត់មេធាវីឲ្យការពារក្តីជនជាប់ចោទបានឬទេ?បើចៅក្រមយកលេសថា គ្មានមេធាវីការពារជនជាប់ចោទ ហើយមិនអាចជម្រះក្តីបានដូចនេះបើជនជាប់ចោទ មិនរកមេធាវីមានន័យថា មួយជីវិតរបស់ ជនជាប់ចោទមិនអាចចៅក្រមជម្រះក្តីបានឬមួយយ៉ាងណា? ផ្ទុយទៅវិញ អំពើបាប បទល្មើសឧក្រិដ្ឋការបំផ្លាញសុខភាពអាយុជីវិតអនាគតអ្នកដទៃ ពិតណាស់ថាមិន អាចគេចពីសំណាញ់ច្បាប់នៃបាបកម្ម របស់ខ្លួនបានទេ ទោះជាមានសមត្ថ កិច្ចដែលមានអំណាចនៅពីក្រោយក៏ ដោយ ។

ជនចាប់ចោទត្រូវបានបង្ក្រាប ឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងដោយ កណ្តាប់ដៃលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញតាមរយៈកិច្ចសម្របសម្រួលពីតំណាងអយ្យការ លោក លី សុផាន់ណា ឃាត់ខ្លួនមនុស្ស៥០នាក់ក្នុងនោះមានឈ្មោះ ស្រេន វីរៈ ឬស្រេង វីរៈ ហៅ ស្រេង ល័ក្ខ ដែលជា មុខសញ្ញាចាស់មេខ្លោង គ្រឿងញៀនហើយតាមប្រភពគួរឲ្យជឿទុកចិត្តបាន បញ្ជាក់បន្ថែមទៀតថាទីតាំងក្លិប កម្សាន្តម៉ៃអាមីដែលសមត្ថកិច្ចបង្ក្រាបនេះជារបស់ ជនជាប់ចោទឈ្មោះ ស្រេន វីរៈ ឬស្រេង វីរៈ ហៅស្រេង ល័ក្ខ ដែរ ហើយ ក្នុងករណីនេះមជ្ឈដ្ឋានទូរទៅកំពុងរង់ចាំមើលថាតើជនជាប់ចោទមានឱកាសនៅក្រៅគុកទៀដែរឬទេ? ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖