ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នៅលើបណ្តាញសង្គមហ្វេសប៊ុក សូមឲ្យបងប្អូនប្រជាពលរដ្ឋបើកបរប្រុងប្រយ័ត្នខ្លាំងបំផុត កុំបើកវ៉ាប្រជែងយកលឿនរៀងខ្លួន ដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗ ។
សម្តេចតេជោថ្លែងថា៖ «ថ្ងៃចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃ គឺបានបញ្ចប់ដោយក្តីសប្បាយរីករាយនៅទូទាំងប្រទេស។ បងប្អូនមួយចំនួនក៏នៅបន្តជួបជុំក្រុមគ្រួសារកំសាន្តសប្បាយនៅតាមភូមិ និងតាមរមណីយដ្ឋាននានា និងមួយចំនួនទៀតបានរៀបចំធ្វើដំណើរវិលត្រឡប់មកកាន់គេហដ្ឋាន និងកន្លែងធ្វើការងារវិញ។
ថ្ងៃនេះចរាចរណ៍តាមផ្លូវអាចចង្អៀតកកស្ទះ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបើកបរប្រុងប្រយ័ត្នខ្លាំងបំផុត។ កុំបើកវ៉ាប្រជែងយកលឿនរៀងខ្លួន ដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗដោយប្រការចៃដន្យណាមួយ។ សូមបើកបរដោយមានគុណធម៍ និងយោគយល់ខ្ពស់អោយគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនេះ សូមអាជ្ញាធរ និងសមត្ថកិច្ចជួយការពារសុវត្ថិភាព និងសម្រួលចរាចរណ៍អោយបងប្អូនធ្វើដំណើបានស្រួល។
សូមបងប្អូនប្រជាពលរដ្ឋ រួមទាំងកូនក្មួយកម្មករកម្មការរនី ធ្វើដំណើរបានសុខសប្បាយតាមផ្លូវ និងសូមទេវតាឆ្នាំថ្មីជួយបីបាច់ថែរក្សាបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នាកុំបីខាន» ៕