ព័ត៌មានទាន់ហេតុការណ៍៖

ថៅកែ​ខារ៉ាអូខេ​ លឺកាស៊ី​ បើករថយន្តស៊ីញ៉ូឆ្វេងបម្រុងឆ្លងបត់ត្រឡប់ក្រោយ​ ត្រូវកង់បីឥណ្ឌា​បុកចំកង់រថយន្តខាងឆ្វេង​ ខ្ទាតក្រឡាប់ផ្ងារជើង​កណ្ដាលផ្លូវ​

ចែករំលែក៖

ភ្នំពេញ​ ៖​ ថៅកែ​ខារ៉ាអូខេ​ លឺកាស៊ី​ បើករថយន្តស៊ីញ៉ូឆ្វេងបម្រុងឆ្លងបត់ត្រឡប់ក្រោយ​ ស្រាប់តែកង់បីឥណ្ឌា​ បើកលឿនមកពីក្រោយ​ ទៅបុកចំកង់រថយន្តខាងឆ្វេង​ ខ្ទាតក្រឡាប់ផ្ងារជើង​ បង្កការភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច​ ចុះជួយសម្របសម្រួលចរាចរណ៍​ភ្លាមៗផងដែរ​ តែមិនមានរបួសនោះទេ​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ បានកើតឡើង​នៅវេលាម៉ោង​០៨:០៥នាទីយប់​ ថ្ងៃអាទិត្យ​ ទី១៥​ ខែមេសា​ ឆ្នាំ២០១៩នេះ​ នៅតាមបណ្ដោយផ្លូវជាតិលេខ២​ (មុខផ្ទះលក់សំបកកង់រថយន្តគ្រប់ប្រភេទ​យីហោ​ ចាន់ឃីម) ភូមិទួលរកា​១​ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ គេបានឃើញបុរសវ័យចំណាស់ម្នាក់​ ដែលអ្នកភូមិនៅទីនោះស្គាល់ថា ជាថៅកែ​ខារ៉ាអូខេ​ លឺកាស៊ី​ រួមជាមួយក្រុមគ្រួសារពីរបីនាក់ទៀតជាអ្នករួមដំណើរ បានបើករថយន្តមួយគ្រឿង​ ម៉ាក TOYOTA Hilux Revo ពណ៌ស ពាក់ស្លាកលេខភ្នំពេញ​ 2AQ-7799 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២​ ក្នុងទិសដៅពីត្បូងទៅជើង​ លុះមកដល់ចំណុចខាងលើ​ បានស៊ីញ៉ូឆ្វេងបម្រុងឆ្លងបត់ត្រឡប់ក្រោយ​ ស្រាប់តែកង់បីឥណ្ឌា​ មួយគ្រឿង​ ពណ៌ស​ (អត់ពាក់ស្លាកលេខ) ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២​ ក្នុងទិសដៅស្របគ្នា​ ក្នុងល្បឿនលឿនមកពីក្រោយ​ ទៅបុកចំកង់រថយន្តខាងឆ្វេង​ ខ្ទាតក្រឡាប់ផ្ងារជើង​ បង្កការភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ចាក់អង្រែក្រោម​ ចុះជួយសម្របសម្រួលចរាចរណ៍​ភ្លាមៗផងដែរ​ តែក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនមានអ្នករបួសនោះទេ​។

ក្រោយមកសមត្ថកិច្ចបានបាញ់គំនូសរួចឲ្យរថយន្តអែបខាងសិន​ រួចឲ្យភាគីទាំងសងខាង​ ដោះស្រាយគ្នា​មួយជំហានសិន​ ដោយភាគីខាង​រថយន្ត​ មិនចង់វែងឆ្ងាយ​ ទើបយល់ព្រមសងសំណង១០០ដុល្លារ​ ដើម្បីបញ្ចប់រឿង​តែម្ដង ៕ ភារ៉ា ដង្កោ


ចែករំលែក៖