ខេត្តកំពង់ធំ៖ វេលាម៉ោង ០៧និង៣០នាទី ថ្ងៃទី១៥ ខែមេសា ២០១៩ មានករណីមនុស្សដេកស្លាប់ ដឹងកើតហេតុនៅ ភូមិរមាំងងាប់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបញ្ជាក់ថា សាកសពឈ្មោះ ហម វ៉ាន ភេទស្រី អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។
បើតាមការបំភ្លឺពីឈ្មោះ ណាង មុំ ភេទស្រី អាយុ ២៦ឆ្នាំត្រូវជាកូនបង្កើតនៅផ្ទះជាមួយគ្នាបញ្ជាក់ថា :នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ចាប់តាំងពីម៉ោង០៩និង ៣០នាទីព្រឹក ម្តាយរបស់ខ្លួនចេញបាត់ពីផ្ទះ រហូតដល់ល្ងាចម៉ោង១៨ និង៣៥នាទី ទើបចូលផ្ទះ ហើយស្រវឹងផង គ្រាន់តែចូលដល់ផ្ទះភ្លាមរករឿងអ្នកនៅផ្ទះ ជេរកូនជេរចៅ លុះដល់ម៉ោង ២០និង៣០នាទីគាត់ (ជនរងគ្រោះ) បានចុះទៅដេកលើគ្រែក្រោមផ្ទះ តែគាត់មិនឈប់ជេរទេ ខ្លួនក៏ដេក លក់ទៅ លុះព្រឹកឡើងវេលាម៉ោង៦និង៣០នាទី ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ ស្រាប់តែលឺសូរខតៗ ខ្លួនក៏ចុះទៅមើលម្តាយក្រោមផ្ទះ ឃើញម្តាយដេកស្តូកស្ដឹងលើគ្រែក្រោមផ្ទះ ក៏ហៅអ្នកជិតខាងមកជួយមើលបានបន្តិច ក៏ដាច់ខ្យល់ស្លាប់ទៅ នៅក្នុងម៉ោង០៦និង៤៧នាទីថ្ងៃដដែល ។
សមត្ថកិច្ចទទួលព័ត៌មានភ្លាម កម្លាំងជំនាញស្រុក និងប៉ុស្តិ៍ ព្រមទាំងរដ្ឋអំណាចមូលដ្ឋាន បានចូលរួមពិនិត្យសព មិនឃើញមានស្លាកស្នាមអ្វីឡើយ ។
សមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយ គាំងបេះដូង ។
មូលហេតុ មានជំងឺប្រចាំកាយ ហើយផឹកស្រាមិនហូបបាយទើបបណ្តាលឲ្យគាំងបេះដូងស្លាប់ ។
ក្រោយពីពិនិត្យសាកសពហើយ សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី