ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៣នាក់ ស្លាប់ជាបន្តបន្ទាប់ ក្នុងករណីចុះដាក់បំពង់ទីបក្នុងអណ្តូង

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ថា អណ្ដូងទឹកដែលពលរដ្នបានធ្វើរួចគ្របទុកចោលយូរ គួរចៀសវាងបានចៀសវាងទៅ ព្រោះក្នុងអណ្ដូង គ្មានខ្យល់ឧកស៊ីសែននោះទេ វាក្លាយជាមានជាតិឧស្ម័ន ជាតិពុលហើយ និងក្លាយជាមានជាតិបារ៉ត ពេលមនុស្សចុះទៅដល់ក្រោម វានឹងធ្វើឲ្យ មានសភាពទន់ដៃទន់ជើង អស់កម្លាំង អាចនឹងដួលសន្លប់ជាមិនខាន ដូច្នេះគួរចៀសវាង ជាក់ស្ដែងមនុស្ស៣នាក់ បានស្លាប់ជាបន្តបន្ទាប់ ក្នុងករណីចុះដាក់បំពង់ទីបក្នុងអណ្តូងជម្រៅប្រមាណជា៦ម៉ែត្រ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ នៅភូមិតាលាវ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប ។

លោកវរៈសេនីយ៍ឯក ម៉ាន់ សុខាត់ អធិការនគរបាលស្រុកអង្គរជុំ បានឲ្យដឹងថា ករណីនេះ ជនរងគ្រោះ៣នាក់រួមមានទី១-ឈ្មោះ ធុល ធឿន ភេទប្រុស អាយុ២៩ឆ្នាំ, ទី២-ឈ្មោះ ហ៊ន់ ជាតិ ភេទប្រុស អាយុ៣០ឆ្នាំ និងទី៣-ឈ្មោះ លន់ ឡុក ភេទប្រុស អាយុ៣០ឆ្នាំ ជនរងគ្រោះទាំងបីនាក់ខាងលើរស់នៅភូមិ ឃុំ កើតហេតុខាងលើ ។

យោងតាមការពិនិត្យកោសល្យវិច័យមន្ត្រីនគរបាលជំនាញ និងក្រុមគ្រូពេទ្យបង្អែកស្រុកបានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់នៅក្នុងអណ្តូងមុនពេលបញ្ជូនមកដល់មន្ទីរពេទ្យ ដោយសារក្នុងអណ្តូងខ្វះឧកស៊ីសែន ។

ក្រោយកើតហេតុ សាកសព ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖