ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវតាមចាប់ខ្លួនក្រុមចោរប្លន់វ័យក្មេងបាន៤នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ចំណែកម្នាក់ទៀតកំពុងរត់គេចខ្លួន ខណៈដែលពួកគេបានធ្វើសកម្មភាពវាយប្លន់ម៉ូតូយុវជនម្នាក់បានសម្រេច នៅតាមផ្លូវបេតុងមួយកន្លែង ក្នុងសង្កាត់ទួលសង្កែទី១ ដែលមានសភាពស្ងាត់ ព្រោះចំថ្ងៃចូលឆ្នាំខ្មែរ ប្រពៃណីជាតិ រួចជនសង្ស័យបានលើកយកម៉ូតូជិះគេចខ្លួនយកទៅលាក់ទុក នៅក្នុងដីឡូត៍មួយកន្លែង នៅភូមិ២ សង្កាត់-ខណ្ឌជ្រោយចង្វា ។
ករណីបង្ក្រាបក្រុមចោរប្លន់ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្ទះសំណាក់មួយកន្លែងយីហោ “មហាលាភ” ផ្លូវលេខ២៧៣ ក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានទាំង៤នាក់នោះទី ១.ឈ្មោះ ចាន់ សម្ភស្ស ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មានស្នាក់នៅផ្ទះជួល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។ ជនសង្ស័យទី២.ឈ្មោះ គ្រឿន ធារ៉ូត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុងភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា (មានសារធាតុញៀន)។ ទី៣.ឈ្មោះ សៅ មករា ភេទប្រុស អាយុ១៨ឆ្នាំមុខរបរគ្មាន ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិ២ សង្កាត់ជ្រោយចង្វា (មានសារធាតុញៀន) និងទី៤.ឈ្មោះ ម៉ាត់ ម៉ាន់ស៊ូត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិចាមសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា (មានសារធាតុញៀន) ។ ចំណែកបក្ខពួកគេម្នាក់ទៀត ដែលគេចខ្លួនបាត់ មិនត្រូវបានស្គាល់ឈ្មោះនោះទេ។
ជនរងគ្រោះមានឈ្មោះ គង់ សារីភេទប្រុស អាយុ២១ឆ្នាំ មានមុរបរជាងសំណង់ ស្នាក់បន្ទប់ជួលភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ម៉ូតូជនសង្ស័យប្លន់យកទៅនោះ ម៉ាកឌ្រីមC125 ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HF-1348 បានប្រគល់ជូនជនរងគ្រោះវិញ ។
មន្រ្តីដដែលបន្តថា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ វេលម៉ោង០១និង៣០នាទីអធ្រាត្រ ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯងតាមបណ្តោយផ្លូវ៧០ ពីកើតទៅលិច ពេលជិះដល់កន្លែងកើហេតុផ្លូវបេតុងក្រុម១ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ក៏ជួបជនសង្ស័យចំនួន ៥នាក់ ជិះម៉ូតូម៉ាកឌ្រីម C125 ចំនួន៣គ្រឿង បានកៀរម៉ូតូជនរងគ្រោះឲ្យឈប់ រួចបានធ្វើសកម្មភាពវាយជនរងគ្រោះ ដោយដៃព្រមទាំងគំរាមឲ្យជនរងគ្រោះ ថយចេញពីម៉ូតូហើយឲ្យ ប្រគល់សោម៉ូតូឲ្យពួកវា បន្ទាប់មកជនសង្ស័យបានលើយកម៉ូតូរបស់ជនរងគ្រោះ ជិះគេចខ្លួនបាត់ទៅ យកទៅលាក់ទុកនៅក្នុងដីឡូមួយកន្លែង នៅភូមិ២ សង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា ។
លុះព្រឹកឡើងម៉ោង៧:០០នាទីព្រឹក ថ្ងៃដដែល ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្ត៍រដ្ឋបាលទួលសង្កែទី១ បន្ទាប់ពីបានទទួលពាក្យបណ្តឹងកម្លាំងជំនាញខណ្ឌ សហការជាមួយប៉ុស្ត៍ទួលសង្កែ១ បានបើកការស្រាវជ្រាវឈាន ទៅដល់ឃាត់ជនសង្ស័យចំនួន៤នាក់ នៅចំណុចផ្ទះសំណាក់មហាលាភផ្លូវ២៧៣ក្រុម១ សង្កាត់ទួលសង្កែទី១ ។
ភ្លាមៗនោះ ក្រោយពីសាកសួរ ក្រុមជនសង្ស័យបានសារភាពថា ពួកគេបានយកម៉ូតូដែលពួកគេធ្វើសកម្មភាពប្លន់រួចយកទៅលាក់ទុកកន្លែងខាងលើ ហើយក៏បាននាំខ្លួនជនសង្ស័យទាំង៤នាក់ទៅយកម៉ូតូបានប្រគល់ឲ្យជនរងគ្រោះវិញ ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ កំពុងត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ អារុណរះ