ព័ត៌មានទាន់ហេតុការណ៍៖

ខ្ចីម៉ូតូគេជិះថាទៅទិញថ្នាំឲ្យប្រពន្ធបែរជាយកទៅបញ្ចាំត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ ខ្ចីម៉ូតូគេជិះដោយកុហកថា ទៅទិញថ្នាំឲ្យប្រពន្ធ តែបែរជាយកម៉ូតូគេទៅបញ្ចាំនៅផ្សារឃ្លាំងរំសេវ ចុងក្រោយ ត្រូវម្ចាស់ម៉ូតូប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ។ ករណីខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១០និង០៥នាទី ស្ថិតក្នុងភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ កែវ សារិទ្ធ ហៅ អ៊ួច ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិព្រែកក្របៅទី១ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ចំណែកជនរងគ្រោះឈ្មោះ ឆ្លូញ ផៃនី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិ/ឃុំកើតហេតុ ។ ដោយឡែកសម្ភារបាត់បង់មានម៉ូតូ១គ្រឿង ម៉ាកសង់កូរ៉េ ធុនសេ១០០ ពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ 1A-0978 ។

ប្រភពដដែលបន្ដថា កាលពីថ្ងៃកើតហេតុ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១០និង០៥នាទី ជនសង្ស័យបានខ្ចីម៉ូតូជនរងគ្រោះដោយនិយាយកុហកថា ទៅទិញថ្នាំឲ្យប្រពន្ធមួយភ្លែត ភ្លាមនោះជនរងគ្រោះក៏ប្រគល់ម៉ូតូឲ្យជនសង្ស័យជិះ ។ បន្ទាប់ពីជនសង្ស័យបានម៉ូតូពីជនរងគ្រោះរួច ក៏ជិះទៅបាត់តែម្ដង ដោយពុំយកម៉ូតូជនរងគ្រោះវិញទេ ។ ដោយជនរងគ្រោះរងចាំពុំឃើញយកម៉ូតូមកឲ្យខ្លួនវិញ លុះមកដល់ថ្ងៃទី១៦ ខែមេសា ក៏សម្រេចចិត្ដដាក់ពាក្យបណ្ដឹងទៅនគរបាលប៉ុស្ដិ៍រដ្ឋបាលព្រែកលួង ដើម្បីជួយចាប់ខ្លួនជនសង្ស័យអនុវត្ដន៍តាមនីតិវិធី ។ លុះមកដល់ថ្ងៃទី១៧ ខែឆ្នាំដដែល វេលាម៉ោង១៤និង១០នាទី ស្រាប់តែឈ្មោះ អន ភេទប្រុស ត្រូវជាឪពុកក្មេករបស់ជនសង្ស័យ បានឃាត់ខ្លួនជនសង្ស័យដែលជាកូនប្រសារប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកលួង ដើម្បីចាត់ការតាមនីតិវិធី ។

ចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារសារភាពថា ខ្លួនបានយកម៉ូតូរបស់ជនរងគ្រោះទៅដាក់បញ្ចាំនៅផ្សារឃ្លាំងរំសេវ រាជធានីភ្នំពេញ បានប្រាក់ចំនួន៤០ដុល្លារ សហរដ្ឋអាមេរិក ។ បន្ទាប់ពីសាកសួររួច ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ


ចែករំលែក៖