ព័ត៌មានទាន់ហេតុការណ៍៖

បុរសជជនជាតិចិនម្នាក់ដេកស្លាប់ក្នុងបន្ទប់សង្ស័យករណីខ្យល់គរ

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសជាប្រធានសិប្បកម្មតម្បាញជនជាតិចិនម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់របស់ខ្លួនគួរឲ្យសង្វេគ ដោយសង្ស័យថា ការស្លាប់នេះគឺបណ្ដាលមកពីករណីខ្យល់គរ ។ ករណីខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចបន្ទប់ដេក ក្នុងរោងសិប្បកម្មតម្បាញយីហោចុងថៃ ស្ថិតក្នុងភូមិព្រែកថី ឃុំ រកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។

មន្រ្ដីនគរបាលផ្នែកកោសល្យវិច័យស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លាវ ផឹង ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិចិន មុខរបរប្រធានសិប្បកម្មតម្បាញ (ចុងថៃ) មានស្រុកកណើត នៅខេត្តស៊ីឈាន់ ប្រទេសចិន បច្ចុប្បន្នស្នាក់នៅភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា នៅថ្ងៃកើតហេតុវេលាម៉ោង៧និង០៥នាទី ស្រ្ដីដែលជាប្រពន្ធរបស់ជនរងគ្រោះ ដែលនៅប្រទេសចិន ផ្ញើសារពីប្រទេសចិន ប្រាប់អ្នកបកប្រែឈ្មោះ ជួង សុខអ៊ីម ឲ្យប្រាប់ឈ្មោះ លី យៀន ជួយមើលប្តីគាត់នៅក្នុងបន្ទប់រោងចក្រផង ខណៈនោះឈ្មោះ សុខអ៊ីម បានទៅប្រាប់ឈ្មោះ លី យៀន ជនជាតិចិន ដែលកំពុងធ្វើម៉ាស៊ីនឲ្យទៅហៅជនរងគ្រោះ ខណៈនោះ ឈ្មោះ លី យៀន ក៏ទៅហៅ តែពុំលឺសំឡេងឆ្លើយតប បន្ទាប់មក ក៏បានប្រាប់កម្មករម្នាក់ទៀតឈ្មោះ ទៀង ឲ្យជួយស្រែកហៅ តែនៅមិនលឺសំឡេងឆ្លើយ ។ ភ្លាមនោះបាននាំគ្នារុញទ្វារបន្ទប់រហូតដល់របើកទ្វារ ក៏បានឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយ ភ្លាមនោះក៏រាយការណ៍ជូនសមត្ថកិច្ចជំនាញ ដើម្បីចុះមកពិនិត្យសាកសពជនរងគ្រោះ ។

ក្រោយពីសមត្ថកិច្ចជំនាញទទួលបានព័ត៌មានខាងលើ ភ្លាមនោះ កម្លាំងសមត្ថកិច្ចក៏បានចុះមកពិនិត្យ កោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង បណ្ដាលមកពីជំងឺលើសឈាម ។ បន្ទាប់ពីពិនិត្យរួច សាកសពបានយកទៅរក្សាទុកនៅកន្លែងដំកល់សពវត្តស្ទឹងមានជយ័ រាជធានីភ្នំពេញ រង់ចាំសាច់ញាតិមកពីប្រទេសចិន ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖