ខេត្តកណ្ដាល៖ បុរសម្នាក់យកកាំបិតប៉័ងតោកាប់ និងគប់ទៅលើនារីម្នាក់ បណ្ដាលឲ្យរងរបួសកជើង ដេរ៨ថ្នេរ ត្រូវនគរបាលឃាត់ខ្លួន ព្រោះខឹងនារីរងគ្រោះពុំឲ្យលុយមកខ្លួនតាមសន្យា ។ ករណីខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៧និង១០នាទី ស្ថិតក្នុងភូមិខ្ពប ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហ៊ីម សុភក្រ័្ត ភេទ ប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករស្ទួចផ្ទះ ។ ចំណែកនារីរងគ្រោះឈ្មោះ ឡាយ ស្រីដេត អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ (របួសកជើងខាងស្ដាំ១កន្លែង ដេរចំនួន៨ ថេ្នរ) ។ ដោយឡែកវត្ថុតាងដកហូតបានមាន កាំបិតបុ័ងតោ ១ ។
ប្រភពដដែលបន្ដថា នៅថ្ងៃកើតហេតុ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១២ ស្រ្ដីរងគ្រោះឈ្មោះ ឡាយ ស្រីដេត បានឲ្យជនសង្ស័យឈ្មោះ ហ៊ីម សុភក្រ្ត័ ជូនទៅយកលុយនៅព្រែកលៀប ដោយនារីរងគ្រោះសន្យាថា ពេលយកលុយបាននឹងឲ្យលុយទៅជនសង្ស័យចាយផងដែរ ។ ក្រោយពីយកលុយបានហើយ ខណះមកដល់ផ្ទះវិញ នៅវេលាម៉ោង ១៧ថ្ងៃខែឆ្នាំដដែល នារីងគ្រោះបានទៅលេងប៉ាតម្ស៉ៅនៅមុខផ្ទះដោយមិននឹកនាឲ្យលុយទៅជនសង្ស័យនោះទេ ឃើញដូច្នោះជនសង្ស័យ ក៏បាននិយាយជាមួយនារីរងគ្រោះរឿងលុយដែលសន្យាឲ្យខ្លួន ប៉ុន្តែនារីរងគ្រោះធ្វើមិនដឹង និងមិននិយាយរក ជាហេតុធ្វើឲ្យជនសង្ស័យខឹង ក៏ដើរទៅផ្ទះយកកាំបិតបុ័ងតោ សៀតនៅហោប៉ាវខោខាងក្រោយ ហើយដើរត្រឡប់មកកន្លែងប៉ាតម្ស៉ៅវិញ បន្ទាប់មកសួរនាំ នារីរងគ្រោះរឿងលុយម្តងទៀត តែនារីរងគ្រោះនៅតែធ្វើមិនដឹង ជនសង្ស័យបានទាញកាំបិតបុ័ងតោ ស្ទុះទៅកាប់នារីរងគ្រោះត្រូវចំស្មាខាងស្តាំ តែមិនបង្កឲ្យមានរបួសទេ ពេលនោះជនរងគ្រោះបានរត់សំដៅទៅផ្ទះ ហើយជនសង្ស័យរត់ដេញតាមក្រោយ និងយកកាំបិតបុ័ងតោ គប់នារីរងគ្រោះ ត្រូវចំកជើងខាងស្តាំ បណ្តាលឲ្យមានរបួសស្នាមយ៉ាងដំណំ។
ក្រោយពីសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទទួលបានព័ត៌មានករណីខាងលើ ភ្លាមនោះក៏ចុះមកអន្ដារគមន៍ ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ