ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលរងស្រុក សួរសុខទុក្ខដល់អ្នករងគ្រោះ២នាក់ ដែលត្រូវសត្វឆ្មាខាំ និងក្រញ៉ៅ និងជំរុញប្រញាប់ចាក់វ៉ាក់សាំងការពារ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បន្ទាប់ពីមានប្រជាពលរដ្ឋប៉ុន្មាននាក់ បានរងគ្រោះដោយសារឆ្មាខាំ និងក្រញ៉ៅ បង្កជាជំងឺកាច គ្រោះថ្នាក់ដល់អាយុជីវិតរួចមក លោក ស៊ូ ម៉ុល ប្រធានក្រុមការងារយុវជនគណបក្សស្រុករមាសហែក ខេត្តស្វាយរៀង និងជាអភិបាលរងស្រុក បានអំពាវនាវឲ្យប្រជាពលរដ្ឋដទៃទៀត មានការប្រុងប្រយ័ត្ន ចំពោះសត្វចិញ្ចឹមប្រភេទនេះ និងគប្បីចាក់វ៉ាក់សាំងការពារជាមុន ។

លោក ស៊ូ ម៉ុល អំពាវនាវយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាសលោក និងក្រុមការងារចុះសួរសុខទុក្ខជាមួយប្រជាពលរដ្ឋដែលត្រូវសត្វឆ្មាខាំ និងក្រញ៉ៅចំនួន ៣គ្រួសារ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នំា២០១៩ នៅឃុំត្រពាំងស្តៅ ស្រុករមាសហែក ។

ជាមួយគ្នានោះ ក្រុមការងារយុវជនគណបក្សស្រុករមាសហែក ក៏បានចូលរួមបុណ្យក្រុមគ្រួសារសពលោក ពៅ ម៉ុល អាយុ៣២ឆ្នំា រស់នៅភូមិត្រពំាងស្គន់ថ្មី ឃុំត្រពំាងស្តៅ ស្រុករមាសហែក ដែលឆ្មាខាំហើយបានស្លាប់កាលពីថ្ងៃទី១៧ ខែមេសា ។

ក្រៅពីនោះ ក្រុមការងារក៏បានសួរសុខទុក្ខអ្នកដែលត្រូវឆ្មាក្រញ៉ៅចំនួន ២នាក់ ដែលត្រូវបានឆ្មាក្រញ៉ៅ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នំា២០១៩ រួមមាន៖ កុមារី សំ រស្មី អាយុ១៣ឆ្នំា និងយុវជន សំ ពិសិដ្ឋ អាយុ១៨ឆ្នាំ រស់នៅភូមិត្រពំាងឈ្នាង ឃុំត្រពំាងស្តៅ ស្រុករមាសហែកដូចគ្នា ករណីខាងលើនេះ អាណាព្យាបាលបានយកទៅពេទ្យដើម្បីពិគ្រោះយោបល់ និងចាក់ថ្នាំបង្ការរួចហើយ ពោលគឺមិនមានអការធ្ងន់ធ្ងរនោះទេ ។

គួរកត់សម្គាល់ថា ជំងឺសត្វឆ្មាខាំ និងឆ្កែខាំនេះ កំពុងមានការព្រួយបារម្ភខ្លាំងពីប្រជាពលរដ្ឋទូទៅ ធ្វើឲ្យពួកគាត់បាននាំគ្នាសម្រុកទៅចាក់ថ្នាំបង្ការនៅវិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញ ។

ជាក់ស្តែង នៅខេត្តស្វាយរៀង ក្នុងរយៈពេលតែមួយខែប៉ុណ្ណោះ មានមនុស្សស្លាប់ដោយសារសត្វឆ្កែខាំ និងឆ្មាខាំស្លាប់មួយករណីនៅស្រុកស្វាយជ្រំ និងមួយករណីទៀត នៅស្រុករមាសហែក ៕ យឹម សុថាន


ចែករំលែក៖