ភ្នំពេញ៖ រាជធានីភ្នំពេញ គឺជាគោលដៅទេសចរណ៍មួយដ៏ទាក់ទាញ ក្នុងចំណោមគោលដៅទេសចរណ៍ទាំង២៥ខេត្ត ក្រុង នៅទូទាំងប្រទេស ជាពិសេសក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយះពេល៣ថ្ងៃកន្លងមកនេះ មានប្រជាពលរដ្ឋ ដើរលេងកម្សាន្ត ដោយក្តីសោមនស្សរីករាយ តាមរមណីយដ្ឋាននានា ពិសេសរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំជា សង្គ្រាន្តវត្តភ្នំសម្រាប់ឲ្យប្រជាពលរដ្ឋ ដែលមិនបានធ្វើដំណើរទៅស្រុកកំណើត មានឱកាសបានកម្សាន្តសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ។
លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា៖ ក្នុងរយះពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅសង្គ្រាន្តវត្តភ្នំមានប្រមាណ១២ម៉ឺននាក់ ។ ប្រជាពលរដ្ឋបានទស្សនាស្តង់ពិពណ៌បែបបុរាណ រួមទាំងផលិតផលសិប្បកម្ម ដែលផលិតដោយដៃ និងបង្ហាញពីទំរង់វប្បធម៌ និងប្រពៃណីខ្មែរជាច្រើនទៀត ។ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានចូលរួមលេងកម្សាន្តនូវល្បែងប្រជាប្រិយដូចជា៖ ទាញព្រាត់, ចោលឈូង, លោតបាវ, វាយក្អម, បោះអង្គុញ, លាក់កន្សែង និងរាំលេងជាដើម ប្រកបដោយក្តីសោមនស្សរីករាយ និងប្រកបដោយមោទនភាពក្នុងសុខ សន្តិភាពដ៏ពេញលេញ ពាសពេញផ្ទៃប្រទេសក្រោម ការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខ ។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ទៀតថា៖ ពាក់ពន្ធ័នឹងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញរយះពេល៣ថ្ងៃចូលឆ្នាំ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានរៀបចំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់បានល្អប្រសើរក្នុងរាជធានីភ្នំពេញ ដែលជាការផ្តល់ឱកាសដ៏រីករាយជូនប្រជាពលរដ្ឋសប្បាយដោយ មិនមានក្តីបារម្មណ៍ទាំងនៅតាមរមណីដ្ឋាន,តាមវត្តអារាម, និងតាមទីសាធារណៈនានា ។
តាមការកត់សម្គាល់របស់ក្រសួងទេសចរណ៍ ស្ថិតិភ្ញៀវទេសចរណ៍ចូលមកលេងកម្សាន្ត ក្នុងរាជធានីភ្នំពេញទាំងមូល គឺមានជាង២០ម៉ឺននាក់ ដែលនេះបានបង្ហាញ ឲ្យិឃើញពីទំនុកចិត្ត និងមោទនៈភាពរបស់ប្រជាពលរដ្ឋទៅលើដំណើរការអភិវឌ្ឍន៍រាជធានីភ្នំពេញយ៉ាងឆាប់រហ័សក្រោមម្លប់ នៃសុខសន្តិភាព ស្ថេរភាពនយោបាយនាពេលបច្ចុប្បន្ន ។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំកុរ ឯកសក័ ព.ស ២៥៦២ ឆ្នាំ២០១៩ បានប្រព្រឹត្តទៅស្របពេល ដែលរាជរដ្ឋាភិបាល បានចាប់ ផ្តើមអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤សម្រាប់ និតិកាលទី៦ នៃរដ្ឋសភា និងនៅក្នុងបរិការណ៍ ដែលរាជរដ្ឋាភិបាលបន្តទទួលបាន នូវទំនុកចិត្តដ៏ច្រើនលើសលប់ចេញពីឆន្ទះរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេសក្នុងការដឹកនាំប្រទេសជាតិសម្រាប់រយះពេល៥ឆ្នាំបន្តទៀតជាមួយនឹងការ ប្តេជ្ញាចិត្តយ៉ាងមុតមាំឥតរាថយ និងកាន់តែស្វាហាប់ជាងពេលណាៗទាំងអស់ក្នុងការបម្រើប្រជាជនទ្វេដង ក៏ដូចជាក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍ និងជំរុញការ អនុវត្តការកែទំរង់កាន់តែស៊ីជំរៅ និងទូលំទូលាយក្នុងគ្រប់វិស័យឆ្ពោះទៅរកអនា គតមួយដ៏រុងរឿងស្របតាមឆន្ទះ និងបំណងប្រាថ្នាដ៏ពិសិទ្ធរបស់ប្រជាជនទូទាំង ព្រះរាជាណាចក្រកម្ពុជា៕ សំរិត