ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តមួយគ្រឿង ជ្រុលចង្កូតទៅបុកថយន្តមួយគ្រឿងពីក្រោយ បណ្ដាលឲ្យរងការខូចខាត ហើយម្ចាស់រថយន្តបង្កបានអួតអាងប្រាប់សមត្ថកិច្ចថា រូបគេជាមន្ត្រីសាលាក្រុងថែមទៀតផង ។
ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោងជិត១១យប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ លើលើស្ពានអាកាសផ្សារដីហុយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកតូយ៉ូតា ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-7029 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត បើកទ្បើងលើស្ពានអាកាសផ្សារដីហុយ ។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកឡិចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AR-9299 បើកបរដោយបុរសម្នាក់ ទំនងជាស្រវឹងស្រា មកពីក្រោយទិសដៅស្របទិសគ្នា ហើយព្យាយាមបើកវ៉ាជែងខាងឆ្វេងរថយន្ត ជ្រុលចង្កូតទៅបុករថយន្តហាយឡែនឌ័រ ចំហៀងខាងឆ្វេងរងការខាតបន្តិចបន្តួច ប៉ុន្តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ ។
ភ្លាមៗផងដែរ សមត្ថកិច្ច ជំនាញបានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ តែបែរជាអ្នកបើករថយន្តបង្ក ដែលកំពុងស្ថិតក្នុងស្ថានភាពស្រវឹង មិនព្រមទទួលកំហុសនោះទេ ថែមទាំងនិយាយថា«គ្រោះថ្នាក់ចរាចរនេះ បណ្តាលមកពីភាគីរថយន្តហាយទ្បែនឌ័រ ចុចស៊ីផ្លេរ និងបើកវ៉ាជែងនៅលើស្ពាន ហើយចោទប្រកាន់សមត្ថកិច្ចមូលដ្ឋាន និងជំនាញថា លើកទ័ពនាំគ្នាមកបម្រុងគៀបស៊ីរូបគេទៅវិញ» ។
បន្ទាប់ពីកើតហេតុដោយសារភាគីទាំងពីរ មិនអាចសម្របសម្រួលគ្នាបាន ទើបសមត្ថកិច្ចជំនាញ បានវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំដោះស្រាយគ្នាពេលក្រោយ ៕ ជ្រោយពេជ្រ