ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលក្រុងស្ទឹងសែន បញ្ជា និងដឹកនាំកម្លាំងដោយផ្ទាល់ ចុះសម្អាត និងប្រមូលសំរាមនៅទីតាំងស្តុកសំរាមក្នុងក្រុងស្ទឹងសែន

ចែករំលែក៖

ខេត្តកំពង់ធំ៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលកន្លងទៅថ្មីៗនេះ និយោជិកបានឈប់សម្រាកពីការងារ ហើយកំណើននៃការលក់ដូរ ក៏ដូចជាកំណើនឡើងនៃរបាយប្រជាជនក្នុងខេត្តកំពង់ធំ ធ្វើឲ្យសំរាមនៅតាមទីកន្លែងស្តុកមួយចំនួន មានភាពកើនឡើង ។

នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែនបញ្ជា និងដឹកនាំមន្រ្តីរាជការចំណុះសាលាក្រុង ដោយផ្ទាល់ និងមានការសហការពីក្រុមហ៊ុនម៉ៅការសំរាម ចុះប្រមូលសំរាម ដែលកកស្ទះនៅតាមទីកន្លែងស្តុកសំរាម មិនបានដឹកជញ្ជូនចេញ ក្នុងនោះផងដែរ លោកអភិបាលក្រុងស្ទឹងសែន ក៏បានសុំការអធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលផលប៉ះពាល់ នូវក្លិនមិនល្អ ដែលចេញពីតាំងស្តុកសំរាមនេះ ។

ប៉ុន្តែទោះបីយ៉ាងណាក្តី លោកនឹងខិតខំជំរុញឲ្យក្រុមហ៊ុន ម៉ៅការសំរាម ដឹកជញ្ជូនឲ្យបានឆាប់រហ័ស និងមិនឲ្យមានការកកស្ទះទៀតនោះទេ ។

លោកបញ្ជាក់បន្ថែមថា ចំពោះប្រព័ន្ធលូបង្ហូររំដោះទឹកភ្លៀង និងទឹកប្រើប្រាស់របស់បងប្អូនអាជីវករ ដែលកំពុងមានការកកស្ទះនៅតាមផ្លូវក្នុងបរិវេណផ្សារកំពង់ធំ លោកអភិបាល នឹងបញ្ជាឲ្យ ផាស៊ីផ្សារ និងអាជ្ញាធរសង្កាត់ ដោះស្រាយជាបន្ទាន់ ដើម្បីការពារការចម្លងមេរោគ ដែលធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ មកទិញឥវ៉ាន់ និងបងប្អូនអាជីវករផងដែរ ។

ទន្ទឹមនេះ លោកអភិបាលក្រុង បានសំណូមពរដល់ប្រជាអាជីវករទាំងអស់ឲ្យចូលរួម វេចខ្ចប់សំរាម និងកាកសំណល់ ទុកដាក់ឲ្យបានត្រឹមត្រូវ ចៀសវាងកាកសំណល់ហូរចូលលូ រំដោះទឹកដែលនាំឲ្យកកស្ទះបន្តទៀត ។ ជាពិសេសសូមឲ្យប្រជាពលរដ្ឋទាំងអស់កុំយកសំរាម ទៅបោះចោលនៅតាមទីវាល ឬតាមផ្លូវ និងទីសាធារណៈផ្សេងៗ ព្រោះបរិស្ថានស្អាត គឺផ្តើមចេញ ពីខ្លួនឯងម្នាក់ៗ និងជាកិច្ចការយើងទាំងអស់គ្នា ក្នុងការធ្វើឲ្យបរិស្ថានទីក្រុងស្ទឹងសែនបានស្អាត អាចទទួលបានជ័យលាភីរំដួលបីទង នៃទិវាទីក្រុងស្អាតនាពេសខាងមុខ ៕ ប៊ុនរិទ្ធី


ចែករំលែក៖