ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូឆ្លងផ្លូវមិនប្រយត្ន័ បុកគ្នារបួសធ្ងន់២នាក់ នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ បុរស២នាក់ បានរងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូបើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរកាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៩ វេលាម៉ោង ១២ និង០៥ នាទី លើផ្លូវជាតិលេខ ០១ ចន្លោះគីឡូម៉ែតលេខ ១៣០ និង១៣១ ស្ថិតក្នុងភូមិ ស្វាយតឿ សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងស្វាយរៀងបានឲ្យដឹងថា យុវជនដែលជិះម៉ូតូបង្កហេតុមានឈ្មោះគុន ចន្ធា អាយុ ១៩ ឆ្នាំ មុខរបរ កម្មកររោងចក្រ (លូថៃ) រស់នៅភូមិ ត្រពាំងថ្កូវ ឃុំ ពង់ទឹក ស្រុក រំដួល ខេត្ត ស្វាយរៀង បើកម៉ូតូម៉ាកហុងដាសេ ១២៥ (២០១៦) ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១I ៨១២២ ខូចខាតយ៉ាងដំណំ ។

ចំណែកភាគីរងគ្រោះ មានឈ្មោះ មុត ឆដា ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ ព្រៃធ្លក ឃុំ ស្វាយតាយាន ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានយុវជនម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាហុងដាសេ ១២៥ (២០១៦) ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១I ៨១២២ លើផ្លូវជាតិលេខ ០១ ហើយក៏បើកឆ្លងផ្លូវពីជើងទៅត្បូង មិនពាក់មួកសុវត្ថិភាព ក៏បុកប៉ះម៉ូតូម៉ាក ហុងដាសេ ១២៥ (២០១៣) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BT ១៦៧៩ ក្នុងទិសដៅពីលិចទៅកើត ពាក់មួកសុវត្ថិភាព យ៉ាងពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយមក អ្នករងរបួសធ្ងន់ទាំងសងខាង ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះ ដឹកមកកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាប និងវាស់វែងអូសយកមធ្យោបាយធ្វើដំណើរម៉ូតូទាំង២គ្រឿង មករក្សាទុកនៅអធិការក្រុងស្វាយរៀងដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន


ចែករំលែក៖