ប៉ោយប៉ែត៖ គោយន្តកន្ត្រៃដឹកធុងបាស់ និងមេក្រូ របូតថៃគោយន្តកិនក្មេងប្រុសបែកក្បាលស្លាប់កាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវបេតុង ក្នុងបរិវេណវត្តរលំជ្រៃ ស្ថិតក្នុងភូមិរលំជ្រៃ ឃុំ ភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកអ៊ុយ ផល្លី អធិការរង ទទួលផ្នែកសណ្តាប់ធ្នាប់ ចរាចរណ៍ ស្រុកថ្មពួកប្រាប់ថា៖ ក្មេងប្រុសរងគ្រោះឈ្មោះ ឡិ តុលា អាយុ៧ឆ្នាំ រស់នៅភូមិរលំជ្រៃ ឃុំ ភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកបញ្ជាក់ថា៖ មុនពេលកើតហេតុ អ្នកបើកគោយន្តកន្ត្រៃ ឈ្មោះមុយ ហាន់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិរលំជ្រៃ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោយពិធីរាំធុងបាស់បានបញ្ចប់ ក៏រៀបចំដឹក និងអូសម៉ាស៊ីនភ្លើងចេញពីវត្ត ស្របពេលនោះ កុមារារងគ្រោះ បានរត់តោងគោយន្តចៃដន្យក្មេងរបូតដៃ ក៏ត្រូវកង់គោយន្តខាងក្រោយកិនចំចំហៀងក្បាល បែកធ្លាយខួរស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។
សពក្មេងប្រុសរងគ្រោះ ត្រូវបានឪពុក ម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកគោយន្ត កម្លាំងនគរបាល និងរៀបចំសំណុំរឿងបញ្ជូនទៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីដោះស្រាយតាមច្បាប់ ៕ វណ្ណាប៉ោយប៉ែត