ខេត្តបន្ទាយមានជ័យ៖ ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) តម្លៃ២៦លានដុល្លារ គ្រោងនឹងបើកសម្ពោធជាផ្លូវការ ដោយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន រីឯភាគីថៃ នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ខាងមុខ ។
ស្ពានមិត្តភាពកម្ពុជា-ថៃ ត្រូវបានសាងសង់ដោយវិស្វកម្មថៃ ក្រោមជំនួយឥតសំណងពីរាជរដ្ឋាភិបាលថៃ ដែលមានទំហំទឹកប្រាក់២៥លាន៤សែន២ម៉ឺនដុល្លារអាមេរិក ។ ស្ពាននេះ មានបណ្ដោយ៦០ម៉ែត្រ ទទឹង១៧ម៉ែត្រ ។
សួនបញ្ជាក់ថា វត្តមានរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា-ថៃ នាឱកាសនោះ របៀបវារៈមាន៤សំខាន់ៗ
១! ពិធីចាក់បេតុងតភ្ជាប់មុខតំណរស្ពានមិត្តភាពកម្ពុជា-ថៃ
២! ពិធីបើកការរដ្ឋានសាងសង់អគារច្រកទ្វារអន្តរជាតិស្ទឹងបត់ និងតភ្ជាប់ផ្លូវជាតិលេខ៥ ទៅច្រកទ្វារអន្តរជាតិ ។
៣! ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងមត្តិរួមគ្នា លើការដឹកជញ្ជូនផ្លូវដែក ឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ និងពិធីប្រគល់ក្បាលរថភ្លើង (DMU)ដែលជាអំណោយរបស់រាជរដ្ឋាភិបាលថៃ ។
៤! នាយករដ្ឋមន្ត្រីទាំងពីរ ជិះរថភ្លើងពីស្ថានីយក្លងឡឹក មកស្ពានដែកច្រកទ្វារអន្តជាតិប៉ោយប៉ែត ។
កម្ពុជា និងថៃបានប្រែក្លាយតំបន់ព្រំដែនគោករួមគ្នាប្រវែង៨០៣គីឡូម៉ែត្រ ជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ ក្នុងសម័យដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ។ មិនតែប៉ុណ្ណោះកម្ពុជា-ថៃបានកំណត់គោលដៅកិច្ចដហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី ឲ្យសម្រេចបានក្នុងទំហំ១៥ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ។
ប្រភពពីមន្ត្រីបញ្ជាក់ថា ច្រកទ្វារអន្តរជាតិស្ទឹងបត់ បានណងអៀន គឺជាច្រកទ្វារសម្រាប់តែដឹកជញ្ជូនទំនិញរថយន្តធុនធ្ងន់តែប៉ុណ្ណោះ ចំណែកច្រកទ្វារអន្តជាតិប៉ោយប៉ែត គឺសម្រាប់តែភ្ញៀវទេសចរណ៍ថ្មើរជើង និងដឹកទំនិញ តាមរទេះតែប៉ុណ្ណោះ ៕ វណ្ណាប៉ោយប៉ែត