ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ បានកោះប្រជុំជាមួយមន្រ្តីជំនាញពាក់ព័ន្ធ លើប្លង់តំបន់អភិវឌ្ឍន៍ប៉ែកខាងត្បូង នៃកិច្ចសហប្រតិបត្តិការ រវាង រដ្ឋបាលរាជធានីភ្នំពេញ និងសាលាក្រុងបារីស និង ប្លង់អភិវឌ្ឍន៍របស់ក្រុមហ៊ុន ING ដើម្បីប្រមូលមតិយោបល់មកពិភាក្សា និងសិក្សាឲ្យបានល្អិតល្អន់ មុន និងដាក់បញ្ចូលទៅក្នុងគម្រោងកសាងផ្លូវសាធារណៈ និងប្រព័ន្ធធារាសាស្រ្តថ្មីៗនៃរាជធានីភ្នំពេញ ។
នៅក្នុងកិច្ចប្រជុំនោះ មន្រ្តីជំនាញពាក់ព័ន្ធផ្នែកភូមិបាល និង មន្ទីរដែនដីនគររូបនីយកម្ម និងសំណង់ នៃរដ្ឋបាល រាជធានីភ្នំពេញ ក៏បានលើកនូវគម្រោងប្លង់ ដែលសិក្សាដោយ កិច្ចសហប្រតិបត្តិការ រវាង រដ្ឋបាលរាជធានីភ្នំពេញ និងសាលាក្រុងបារីស និង គម្រោងប្លង់អភិវឌ្ឍន៍របស់ក្រុមហ៊ុន ING មកបង្ហាញ និងពន្យល់យ៉ាងល្អិតល្អន់ ក៏ដូចជាបានជម្រាបជូននូវភាពខុសគ្នាខ្លះៗ នៃគម្រោងទាំងនោះ ដើម្បីយកមកពិភាក្សា និងរកធាតុចូលរួមគ្នាមួយ ធ្វើយ៉ាងណាឲ្យការអភិវឌ្ឍន៍ប៉ែកខាងត្បូងរាជធានីអាចប្រព្រឹត្តទៅបានប្រកបដោយប្រសិទ្ធភាព និងទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសកាត់បន្ថយនូវផលប៉ះពាល់ ។
លោក ឃួង ស្រេង បានស្នើឲ្យមន្រ្តីបច្ចេកទេស រួមសហការគ្នា ជាមួយមន្រ្តីពាក់ព័ន្ធ បន្តសិក្សា ពិគ្រោះយោបល់ ឲ្យបានច្បាស់លាស់ និងយកចិត្តទុកដាក់បន្ថែមទៀត ពិនិត្យទៅលើគម្រោងប្លង់ទាំងពី ថាតើមួយណា មានផលប៉ះពាល់តិចជាង ដើម្បីយកមកពិនិត្យជាថ្មី មុននឹងអនុវត្តគម្រោងអភិវឌ្ឍន៍មួយនេះឲ្យទទួលបានជោគជ័យ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ រាល់ការអភិវឌ្ឍន៍ ចៀសមិនផុតពីការប៉ះពាល់ ប៉ុន្តែត្រូវកាត់បន្ថយ នូវផលប៉ះពាល់ទាំងនោះឲ្យនៅតិចតួចបំផុតតាមតែអាចធ្វើទៅបាន មិនមានន័យថា មានផលបះពាល់មិនអភិវឌ្ឍន៍នោះទេ គឺត្រូវកែសម្រួល ឬ កាត់តម្រឹមឲ្យមានតម្លាភាព ពោលគឺយកប្រយោជន៍ជាតិធំជាងប្រយោជន៍បុគ្គល ។
លោកក៏បានស្នើឲ្យមន្រ្តីពាក់ព័ន្ធគិតគូរជាពិសេស ដោយពិនិត្យលទ្ធភាព រកទីតាំងឲ្យបានត្រឹមត្រូវ បម្រុងទុកសម្រាប់កសាងទ្វារទឹក និង ស្ថានីយ៍បូមទឹក ដើម្បីកុំឲ្យមានការជន់លិចនៅក្នុងតំបន់ទាំងនោះ នាពេលអនាគត តាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋភិបាល៕ សំរិត