ខេត្តព្រះវិហារ ៖ ស្ត្រីម្នាក់ត្រូវបានឃាតកវាយនឹងដងចបជីកពីក្រោយ នៅពេលកំពុងជីកថ្នាំឈើ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ។ ការស្លាប់នេះ ត្រូវបានប្រភពព័ត៌មានអះអាងថា ប្តីជាអ្នកសម្លាប់ ព្រោះក្រោយកើតហេតុបានរត់គេចខ្លួនបាត់ ។
ករណីឃាតកម្មបានកើតឡើង នៅចំណុចយាយអៅ ចម្ងាយពីភូមិប្រហែល ០៩គីឡូម៉ែត្រ ក្នុងភូមិកេរ្ដិ៍ ឃុំរតន: ស្រុករវៀង ខេត្តព្រះវិហារ នៅវេលាម៉ោង០៦និង៤០នាទីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ។
នគរបាលឲ្យដឹងថា ស្ត្រីរងគ្រោះ (សព)ឈ្មោះ សៀប ម៉ៅ អាយុ៣០ឆ្នាំ និងប្តីឈ្មោះ ជុំ ជន អាយុ៣០ ឆ្នាំ ដែលកំពុងស្ថិតក្នុងការសង្ស័យ ខណៈបានរត់គេចខ្លួនបាត់ ។ អ្នកទាំងពីររស់នៅ ភូមិឃុំកើតហេតុ។
សមត្ថកិច្ចឲ្យដឹងទៀតថា តាមការពិនិត្យលើ សពឃើញថា ជនសង្ស័យបានវាយជនរងគ្រោះ នឹងដងចបជីកពីក្រោយ ពេលជនរងគ្រោះកំពុងជីកថ្នាំឈើ បណ្តាលឲ្យស្លាប់ នៅនឹងកន្លែង និង យោងតាមចម្លើយពីកូនស្ត្រីរងគ្រោះបានឃើញហេតុការណ៍ផ្ទាល់ ។
សមត្ថកិច្ចបញ្ជាក់ថា កំពុងស្រាវជ្រាវ តាមចាប់ជនសង្ស័យ មកផ្តន្ទាទោស តាមច្បាប់ ចំណែកសពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណៈ