ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់យ៉ាងរន្ធត់ នៅគ្រាដែលជនរងគ្រោះកំពុងធ្វើសកម្មភាពដាំដំឡូងក្បែរផ្ទះ ស្របពេលផ្ទៃមេឃធ្លាក់ភ្លៀងស្រិចៗ លាយឡំទៅដោយខ្យល់ព្យុះកន្រ្តាក់ ផ្គរ រន្ទះយ៉ាងសាហាវផងនោះ ។
ហេតុការណ៍ខាងលើ បានកើតឡើងនៅម៉ោង៥ និង៣០នាទី ល្ងាច ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ក្នុងចំការក្បែរផ្ទះជនរងគ្រោះ ត្រង់ចំណុចអូរតក់ឡក់ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
យោងតាមរបាយការណ៍នគរបាលស្រុកវាលវែងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆុន ឈឿត ហៅផាន ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ។
ករណីនេះមន្រ្តីជំនាញអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន សហការចុះពិនិត្យ ឃើញថា ជនរងគ្រោះត្រូវរន្ទះបាញ់នៅពេលគាត់កំពុងដាំដំឡូងនៅក្បែរផ្ទះ ស្របពេលមេឃធ្លាក់ភ្លៀង និងប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ បុឹម ពិន