ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ ខណៈបើកម៉ូតូម្នាក់ឯងវ៉ាក់អើនឹងរថយន្តតាកូម៉ា បត់ឆ្វេងមិនបានស៊ីញ៉ូម៉ូតូទៅត្រង់ជាន់ហ្វ្រាងអូសដួលជិត១០ម៉ែត្រ គៀបជាប់កង់រថយន្ត អ្នកបើកបររត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីម៉ោង៨ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩តាមបណ្តោយផ្លូវជាតិលេខ៦ ខាងមុខគូបូតាភ្នំពញ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ។
ជនរងគ្រោះម្នាក់ឈ្មោះខន ចំរើន អាយុ២២ឆ្នាំ មុខជាងឡាននៅផ្សារដេប៉ូសង្កាត់ដេប៉ូ១ ខណ្ឌទួលគោក មានស្រុកកំណើតនៅភូមិថ្កូវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ម៉ូតូរងគ្រោះម៉ាកឌុកពណ៌ស លាយខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1FS-3353 ចំណែករថយន្តម៉ាកតូយ៉ូ តាកូម៉ាពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2R-5408បើកដោយបុរសម្នាក់រួមដំណើរជាមួយប្រពន្ធ និងកូន ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតជនរងគ្រោះបានបើកម៉ូតូម្នាក់ឯងចេញពីស្រុកកំណើតបន្ទាប់ពីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ត្រឡប់មកធ្វើការងារជាងឡាននៅផ្សារដេប៉ូសង្កាត់ផ្សារដេប៉១ខណ្ឌទួលគោក ។
ប្រភពបន្តឲ្យដឹងថា រថយន្តតាកូម៉ានិងម៉ូតូធ្វើដំណើរស្របទិសដៅគ្នាតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង ដោយរថយន្តបើកពីមុខម៉ូតូបើកពីក្រោយខណះមកដល់ចំណុចកើតហេតុ រថយន្តបានបត់ឆ្វេងបំណងឆ្លងផ្លូវដោយមិនបានសុីញ៉ូ ម៉ូតូដែលបើកខាងឆ្វេងពីក្រោយជាន់ហ្វ្រាំងដួលអូសជិត១០ម៉ែត្រទៅគៀបជាប់កង់រថយន្តហើយត្រូវបានប្រជាពលរដ្ឋនាំគ្នាលើកជនរងគ្រោះចេញក្រៅពីរក្រោមរថយន្តប្រហែលជាងកន្លះម៉ោងក្រោយមកជនរងគ្រោះបានស្លាប់ ។
ចំណែកបុរសអ្នកបើករថយន្តក្រោយកើតហេតុបាន នៅជួយមើលជនរងគ្រោះដែរតែដោយស្ថានភាពជនរងគ្រោះកាន់តែធ្ងន់ទៅៗ ក៏សម្រេចគេចខ្លួនបាត់តែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងសមត្ថកិច្ចជំនាញមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយទៅតាមច្បាប់ រីឯសពត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ ជ្រោយពេជ្រ