ខេត្តពោធិ៍សាត់៖ កម្លាំងការិយាល័យនៃស្នងការដ្ឋាននគរបាល អធិការដ្ឋាននគរបាលក្រុង ប៉ុស្តិ៍រដ្ឋបាល សហការចុះឃាត់ខ្លួនមុខសញ្ញាមានសារធាតុញៀនក្នុងខ្លួន ខណៈបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងគំរាមសម្លាប់ប្អូនស្រីរួមទាំងម្ដាយ ។
ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៧ និង៣០នាទី ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុង.ខេត្តពោធិ៍សាត់ ។
លោក វរសេនីយ៍ឯក ម៉ូ លីដា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ជនបង្កពូកែខាងអុកឡុកក្នុងគ្រួសារឈ្មោះ អន សុខលីណា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់កើតហេតុខាងលើ ជនបង្ក(អន សុខលីណា)មានសារធាតុញៀនក្នុងខ្លួន ហើយធ្លាប់ដាក់នៅមណ្ឌលអបរំកែប្រែចំនួន ២លើកមកហើយដែរ ។ ការឃាត់ជនសង្ស័យនេះ តាមបណ្ដឹងស្រ្តីឈ្មោះ បេ សុម៉ាលី អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ បន្ទាប់ពីរូបគេវាយកម្ទេចទ្រព្យសម្បត្តិក្នុងផ្ទះ និងគំរាមសម្លាប់ប្អូនស្រីរួមទាំងម្ដាយផងនោះ ។
លោក បន្តទៀតថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ក៏បានអនុវត្តឡើង ក្រោយទទួលបទបញ្ជាលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ហើយបានរៀបចំសំណុំឯកសារពាក់ព័ន្ធបញ្ជូនទៅចាត់ការបន្ត នៅសាលាដំបូងខេត្តពោធិ៍សាត់ ៕ បុឹម ពិន