ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តFord Ranger បុករថយន្តវីស្តូចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តម៉ាក Ford Ranger មួយគ្រឿង បើកបរក្នុងល្បឿនលឿន ជ្រុលទៅបុក រថយន្តម៉ាកវីស្តូមួយគ្រឿងទៀត ចំពីចំហៀងពេញទំហឹងបណ្ដាលឲ្យរថយន្តទាំងពីរ រងការខូចខាតយ៉ាងដំណំ តែមិនបណ្តាលឲ្យមនុស្សរងរបួសធ្ងន់ធ្ងរឡើយ ។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១៩ នៅតាមផ្លូវ៣៦០ កែងផ្លូវ១៤០ ស្ថិតក្នុង សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

រថយន្តដែលបង្កគ្រោះថ្នាក់នោះ ម៉ាក ហ្វត ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-5869 បើកបរ ដោយបុរសម្នាក់ពុំបានប្រាប់ឲ្យស្គាល់ឈ្មោះឡើយ ។ ចំណែករថយន្តម៉ាកវីស្តូ ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2AJ-7170 ។

តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ រថយន្ត ម៉ាក វីស្តូ បានធ្វើដំណើរតាមផ្លូវ១៤៣ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនល្មម ។ ខណៈមកដល់កន្លែងកើតហេតុផ្លូវបំបែកជាបួន ក៏បានបង្អង់ល្បឿន ស្រាប់តែមាន រថយន្ត ម៉ាក Ford Ranger មួយគ្រឿង បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាបានធ្វើដំណើរ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ហើយ ក៏ជ្រុលទៅបុករថយន្តវីស្តូ ចំពីចំហៀងពេញទំហឹងធ្វើឲ្យរថយន្តទាំង២គ្រឿង គាបជាប់គ្នាទៅមុខលែងរួច ភ្លាមៗម្ចាស់រថយន្តបង្កចុះរត់ចេញពីកន្លែងកើតហេតុ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅជំនាញការិយាល័យជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីវាស់វែងយករថយន្តទាំងពីគ្រឿងទៅរក្សាទុក រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖