ការវាយប្រហារ នៅក្នុងប្រទេសស្រីលង្កាកាលពីថ្ងៃទី២១ ខែមេសា នឹងធ្វើឲ្យសេដ្ឋកិច្ចប្រទេសនេះ ធ្លាក់នៅក្នុងស្ថានភាព វិបត្តិកាន់តែខ្លាំង ខណៈដែល ប្រទេសនេះ កំពុងខិតខំសងបំណុលបរទេស ដល់ទៅ៥១ពាន់លានដុល្លារ អាមេរិក ។ វិស័យទេសចរណ៍ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ។ ប្រាក់ចំណូលរបស់ជាតិដល់ទៅ២៧ភាគរយ បានមកពីវិស័យទេសចរណ៍ ។ ក្នុងមួយឆ្នាំៗ ទេសចរណ៍បរទេសបានចំណាយប្រាក់ដល់ទៅជាង ៥ពាន់លានដុល្លារនៅក្នុងទឹកដីស្រីលង្កា ។
នាយករដ្ឋមន្ត្រីស្រីលង្កា លោក Ranil Wickremesinghe បានប្រកាសថា លោកប្រឆាំងយ៉ាងដាច់ខាតចំពោះសកម្មភាពវាយប្រហារសម្លាប់ ពលរដ្ឋរបស់លោក នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ។
មូលហេតុនៃការ វាយប្រហារសម្លាប់មនុស្សជាង២២០ និងរបួសជាង៤០០នាក់ ដោយសាតែវិវាទសាសនា ។ ការវាយប្រហារគ្រាប់បែក ជាបន្តបន្ទាប់ទៅលើព្រះវិហារ៣កន្លែង សណ្ឋាគា៤កន្លែង នៅស្រីលង្កាកាលពីថ្ងៃទី២១ ខែមេសា សម្លាប់មនុស្ស ដល់ទៅ២២៨នាក់ និងរបួសជាង ៤០០នាក់ បានក្លាយទៅជាការវាយប្រហារទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសនេះ ។ ការវាយប្រហារខាងលើ មិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ ។
កតាជាតិសាសន៍ និងសាសនា ជាមូលហេតុ បណ្តាលឲ្យ មានការវាយប្រហារបង្ហូរឈាមខាងលើ ។ កន្លងមក វិវាទសាសនា បានធ្វើឲ្យស្រីលង្កា ធ្លាក់ក្នុងសង្គ្រាមស៊ីវិល អស់រយៈពេលរាប់សិបឆ្នាំជាមួយក្រុមឧទ្ទាមទាមទារបំបែករដ្ឋ Tamil រហូតដល់ឆ្នាំ២០០៩ទើបបញ្ចប់ ។
ស្រីលង្កាជាប្រទេសមាន ពលរដ្ឋ២២លាននាក់ ក្នុងនោះ៧០ភាគរយ កាន់ព្រះពុទ្ធសាសនា ១២ភាគរយ កាន់សាសនាឥណ្ឌា ៩,៧ភាគរយ កាន់សាសនាអ៊ិស្លាម និង ៧,៦ភាគរយ កាន់សាសនា គីតូ ។
ពាក់ព័ន្ធនឹងការវាយប្រហារខាងលើ កម្លាំងប៉ូលិស ស្រីលង្កាចាប់ខ្លួន១៣នាក់ សង្ស័យពាក់ព័ន្ធវាយប្រហារគ្រាប់បែក ស្លាប់មនុស្ស២២៨នាក់ ធ្វើឲ្យរំជើបរំជួលពិភពលោក ។
នាយករដ្ឋមន្ត្រី លោក Ranil Wickremesinghe ថ្លែងថា អ្នកចាប់ខ្លួនទាំងនោះ ជាពលរដ្ឋស្រីលង្កា ហើយការប្រតិបត្តិការស៊ើបអង្កេត កំពុងបន្តធ្វើឡើង ស្វែងរកជនសង្ស័យបន្ថែមទៀត ។ លោកបញ្ជាក់ថា មនុស្ស២២៨នាក់បានស្លាប់ និង៤៥០នាក់រងរបួស នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែក៨លើកដំណាលគ្នា នៅតាមសណ្ឋាគារ និងព្រះវិហារសាសនាគ្រឹស្ទ កាលពីថ្ងៃទី២១ ខែមេសា ។
មេដឹកនាំបណ្តាប្រទេសជុំវិញពិភពលោក បានថ្កោលទោសការវាយប្រហារនៅស្រីលង្កានេះហើយបានសម្តែងការសោកសង្រេង និងរំលែកទុក្ខចំពោះរដ្ឋាភិបាលស្រីលង្កាផងដែរ ។ មិនមែនតែប្រជាជនស្រីលង្កាប៉ុណ្ណោះទេ ដែលបាត់បង់ជីវិតក្នុងហេតុការណ៍នេះ ជនបរទេស ក៏មានផងដែរ ដូចជាឥណ្ឌា និងចិនជាដើម ៕