ភ្នំពេញ៖ ក្រោយចែកផ្លូវគ្នាដើមជាមួយអតីតស្វាមី លោកយ៉ែម សំអូន តារាចម្រៀង យ៉ាន លីនដា បានសម្ងំរស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលី ជាមួយកូនស្រី ដែលពេលនេះ នាងមានវ័យ១៨ឆ្នាំហើយ ។ នាងបានរៀបចំពិធីខួបកំណើតឲ្យកូនស្រីបានយ៉ាងល្អ បើទោះបីជាពិធីមិនធំដុំ ។
មានកម្មវិធីកម្សាន្តសប្បាយ ការច្រៀងលេង ការដើរលម្ហែជាច្រើនដែល យ៉ាន លីនដាបានរៀបចំធ្វើឡើងដើម្បីឲ្យកូនស្រីកញ្ញា សំអូន មិថុនា ហៅ Veronica ។ កម្មវិធីគម្រប់ខួប១៨ឆ្នាំនេះក៏ដើម្បីលើកទឹកចិត្តកូនស្រីដែលកន្លងមកនាងធ្លាប់រងជំងឺផ្លូវចិត្តដ៏ធ្ងន់ធ្ងរមួយ ហើយបើទោះបីជាកម្មវិធីនោះមិនមានទ្រង់ទ្រាយធំដុំក្តី ហើយកម្មវិធីជាបន្តបន្ទាប់ត្រូវបានចាប់ផ្តើមធ្វើតាំងពីដើមខែមេសាមកម្ល៉េះ ។
យ៉ាន លីន បានសរសើរពីភាពរឹងមាំ ភាពឆ្លាតវាងវៃ និងការដឹងគុណរបស់កូនស្រី ហើយនាងថ្លែងស្វាមន៍ដោយទឹកភ្នែកទាំងក្តីរំភើបដែលកូនស្រីឈានមកដល់ពេលជាមនុស្សពេញវ័យ ។ នាងរំពឹងថាកូនស្រីនាងនឹងកាន់តែស្រស់ស្អាត មានសុខភាពល្អ និងជាមនុស្សរឹងមាំជាងនេះ ហើយនាងសន្យាថានឹងនៅមើលថែ និងបំពេញបំណងកូនស្រីគ្រប់បែបយ៉ាង ។
គួរបញ្ជាក់ដែរថា លោក យ៉ែម សំអូន បានរៀបការជាមួយអ្នកនាង យាន លីនដា នៅប្រទេសអូស្ត្រាលី នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០០ គូស្នេហ៍ មួយគូនេះ ទទួលបានចំណងដៃ កូនស្រីម្នាក់ឈ្មោះ សំអូន មិថុនា អាយុជាង ១៨ឆ្នាំ ។
ក្រោយវិលមករួមគ្នាបង្កើតការងារជាអ្នកសិល្បៈនៅកម្ពុជា អ្នកទាំងពីរទទួលបានជោគជ័យខ្ពស់ជាមួយនឹងការជាច្រើនរួមទាំងការងារជាពីធីករ ការដើរបង្ហាញម៉ូដ ពិសេសការទទួលរៀបចំការប្រគុំតន្ត្រីនៅក្នុងពិធីតូចធំជាច្រើនរហូតដល់អ្នកទាំងពីរអាចរកកចំណូលបានក្រាស់ក្រែលពីការងារទាំងនេះ ប៉ុន្តែចំណងស្នេហ៍ ដែលទស្សនិកជនចាត់ទុកថា ជាគូស្នេហ៍គំរូនោះ បានរលាយបាត់ ក្រោយពេលពួកគេមានទំនាស់ក្នុងគ្រួសារ រហូតលែងលះគ្នាអស់រយៈពេលជិត៤ឆ្នាំមកហើយ៕ វឌ្ឍនា