ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ណាស់ បើកបរទាំងងងុយដេក​បណ្តាលឲ្យរេចង្កូតឡើងខឿនទ្រូងផ្លូវក្រឡាប់រថយន្តផ្ងារជើង រងរបួសធ្ងន់ ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ ៖ ពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ខណៈបុរសម្នាក់រួមដំណើរស្រ្តីម្នាក់បានបើករថយន្ត កូរ៉េមួយតោនកន្លះដឹកមាន់មួយគ្រឿង យ៉ាងលឿន ព្រមទាំងស្ថានភាពងងុយដេក ក៏រេចង្កូតប៉ះខឿនថ្នល់ ពុះចែកផ្លូវក្រឡាប់ផ្ងារជើងមួយចំហៀង ខូចខាតយ៉ាងដំណំ និងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃច័ន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចកុងសុីកាប់ជ្រូកនៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ម្ចាស់រថយន្តបង្កមិនស្គាល់អត្តសញ្ញាណនៅឡើយ ដោយបើករថយន្តម៉ាក ហុីយ៉ានដាយ មួយតោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AJ.7487 បើកបរដោយស្ថានភាពងងុយដេក ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់រួមដំណើរស្រ្តីម្នាក់បានបើករថយន្ត មួយគ្រឿងយ៉ាងលឿន តាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ងោកមួយភាំងរេចង្កូតមកខាងឆ្វេងដៃ ប៉ះខឿនថ្នល់ពុះចែកផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ញារជើងមួយចំហៀង បង្កការភ្ងាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកដំណើរនាំគ្នាជួយទាញតៃកុងឡាន ចេញមកខាងក្រៅរងរបួសធ្ងន់ និងស្រ្តីម្នាក់ដែលរួមដំណើររងរបួសរលាត់ ដៃរលាត់ជើងបន្តិចបន្តួច ហើយក៏បានទំនាក់ទំនងទៅរថយន្តសង្រ្គោះដឹកទាំងពីរនាក់ ទៅមន្ទីរពេទ្យផងដែល ។ ចំណែកខឿនផ្លូវ មានបាក់បែកជាច្រើនកន្លែង ។ រីឯរថយន្តបង្កបានរងការខូចខាតយ៉ាងដំណំ ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ និងបានទំនាក់ទំនងទៅជំនាញចរាចរណ៍ ឲ្យមកវាស់វែងយករថយន្តបង្ក រក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖