ភ្នំពេញ៖ ជនជាតិចិនជំរិតជនជាតិចិនគ្នាឯងទារប្រាក់ចំនួន១០ម៉ឺនយ៉េន បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះទៅសាកសួរនៅកន្លែងកើតហេតុកាលពីម៉ោង១០យប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងទីតាំងភោជនីយដ្ឋាន ថាតឌីង តាមផ្លូវសហព័ន្ធរុស្សី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
តាមការបំភ្លឺពីជនជាតិចិន (ម្ចាស់ភោជនីយដ្ឋាន) បានឲ្យដឹងថា នៅម៉ោង៦ ព្រលប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ មានជនជាតិចិនមួយក្រុម មានគ្នា៥នាក់ ជិះរថយន្តមួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ TOP1 ពណ៌ខ្មៅ មិនចាំស្លាកលេខ ចូលមកផឹកស៊ីមួយសន្ទុះ ក៏និយាយប្រាប់ថៅកែ ឲ្យរកស្រីជនជាតិចិនចំនួន៥នាក់ មកអង្គុយផឹកកំដរពួកគេ ។
លុះផឹកស៊ីរហូតដល់ម៉ោងជាង៩យប់ ក្រុមជនសង្ស័យ បានសុំនាំក្រុមនារីទាំង៥នាក់នោះ ចេញទៅដើរលេងមួយភ្លែត រួចក៏នាំគ្នា ឡើងជិះរថយន្ត ចាកចេញទៅបាត់ មិនដឹងថា ទៅដល់ណាទេ ស្រាប់តែនៅម៉ោង១០យប់ ថ្ងៃដដែល ក្រុមជនសង្ស័យទូរស័ព្ទ មកគំរាម ជំរិតទារប្រាក់ចំនួន១០ម៉ឺនយ៉េន ជាថ្នូរនឹងដោះលែងនារីចិន៥នាក់ទៅវិញ ។
ដោយម្ចាស់ភោជនីដ្ឋានមានការភ័យស្លន់ស្លោ បានចរចាវេរលុយ លើកទី១ ចំនួន១៩០០០យ៉េន តែក្រុមជនសង្ស័យមិនព្រមដោះលែង លុះដល់ម៉ោង៤ជិតភ្លឺថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ជនសង្ស័យទារ លុយបន្ថែម ហើយថៅកែភោជនីយដ្ឋាន វេរលុយជាលើកទី២ ចំនួន៣២០០០យ៉េន បន្ថែមទៀត ថា និងដោះលែងស្ត្រីជនជាតិចិន៣នាក់ តែមិនឃើញដោះលែង ទើបជនរងគ្រោះទៀត រាយការណ៍ប្រាប់សមត្ថកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ចុះទៅសាកសួរដល់ភោជនីយដ្ឋាន ។
មកដល់ម៉ោងជាង៦ព្រឹកថ្ងៃទី២១ ខែមេសានេះ ស្ត្រីជនជាតិចិនដែលរងគ្រោះ ត្រូវបានក្រុមជនសង្ស័យដោះលែងបាន៣នាក់ហើយ នៅទីរួមខេត្តកំពត នៅសល់២នាក់ទៀត កម្លាំងសមត្ថកិច្ច កំពុងបន្តស្រាវជ្រាវ តាមស្វែងរក ៕ ជ្រោយពេជ្រ