ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាមខុសច្បាប់ ពាក់ព័ន្ធនឹងករណីចំនួន២ ទី១- ជំនុំជម្រះលើបទចោទ ញុះញង់ឱ្យកងទ័ព កុំស្តាប់បញ្ជារាជរដ្ឋាភិបាលស្របច្បាប់ តាមមាត្រា៤៧១ និង៤៧២ នៃក្រមព្រហ្មទណ្ទ និងបទចោទ ទី២-ប្រមាថលើអង្គព្រះមហាក្សត្រ តាមមាត្រា៤៣៧ស្ទួន នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦-៨ និងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ និងនៅទីកន្លែងផ្សេងៗ។
លោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះ ក្រោយបានបញ្ចប់សវនាការ បានសម្រេចលើកយក សំណុំរឿងនេះទៅប្រកាសាលក្រមនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ខាងមុខ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៉ី រិន បានឱ្យដឹងថា៖ ក្នុងសវនាការនេះមាន លោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះ និងលោក ប្លង់ សុផល ជាតំណាង អយ្យការ។ ហើយក្នុងសនវការរសៀលថ្ងៃនេះដែរមានលោក សំ សុគង់ ជាមេធាវីរបស់ លោក សម រង្ស៊ី ក្នុងនាមជាមេធាវីជនជាប់ចោទ។ និងក៏មានវត្តមានមេធាវីតំណាងដោយ អាណត្តិរបស់អគ្គ:បញ្ជាការកងទព័ លោក វង្ស ភក្តី តំណាងឱ្យដើមបណ្តឹងផងដែរ។
សូមបញ្ជាក់ថា៖ កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ កងយោធពលខេមរភូមិន្ទ បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់រាជរដ្ឋាភិបាល ស្របច្បាប់ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ។ ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា ការអំពាវនាវរបស់លោក សម រង្ស៊ី ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ដែលជាបទល្មើសចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាកំពុងអនុវត្ត។
ការដាក់ពាក្យប្តឹងនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ អំពាវនាវឲ្យកងទ័ពបង្វែកាណុងមកលើរាជរដ្ឋាភិបាល ហើយបង្គាប់ឲ្យកងទ័ពឈប់គាំទ្រសម្តេចតេជោ ហ៊ុន សែន នៅលើទំព័រ Facebook របស់លោកកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ។
ទណ្ឌិត សម រង្សុី មានចេតនាទុច្ចរិតគ្រប់បែបយ៉ាងមកលើរដ្ឋាភិបាលស្របច្បាប់ និងប្រជាជនកម្ពុជា ព្យាយាមបំផ្លាញនូវសន្តិភាព ដែលប្រឹងដោយលំបាកក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីប្រជាជន និងប្រទេសជាតិនោះ។ ទីបំផុត ទណ្ឌិត សម រង្សុី ត្រូវបានមជ្ឈដ្ឋានជាតិ-អន្តរជាតិ ស្គាល់ក្រយ៉ៅយ៉ាងច្បាស់ថាជាជនក្បត់ជាតិ៕
ដោយ៖ សិលា