ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលជំនាញគ្រាប់រំសេវ ស្រុកភ្នំក្រវាញ ប្រគល់ទទួលកាកសំណល់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៤គ្រាប់ ជូនភ្នាក់ងារសុីម៉ាកដើម្បីបន្តនីតិវិធី ។
ប្រតិបត្តិការខាងលើធ្វើឡើងនៅថ្ងៃទី២១, ២២ ខែមេសា ឆ្នាំ២០១៩ នៅចំណុចអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ស្ថិតក្នុងឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
យោងតាមរបាយការណ៍នគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា កាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបានប្រគល់ទទួលជូនមន្រ្តីជំនាញភ្នាក់ងារ សុីម៉ាក ប្រភេទគ្រាប់ ១០០m.m ចំនួន ០៣គ្រាប់ ដោយគ្រាប់ទាំងនេះកម្លាំងនគរបាលជីកដីក្នុងបរិវេណអធិការដ្ឋានប្រទះឃើញ ។
របាយការណ៍នគរបាលដដែលបន្តទៀតថា ចំណែក ០១គ្រាប់ជាប្រភេទ ៨០m.m ដែលប្រជាពលរដ្ឋភ្ជួរដីប្រទះឃើញ នៅចំណុចផ្ទះស្ដៅ ស្ថិតក្នុងភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដូច្នេះកាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំង ២ប្រភេទ ស្មើនឹងចំនួន ០៤គ្រាប់ កម្លាំងនគរបាល បានប្រគល់ទទួលចប់សព្វគ្រប់ ៕ ប៉ឹម ពិន