ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង ដោយយកខ្សែភ្លើងចងកទៅនឹងធ្នឹមផ្ទះ តួចចិត្តនឹងប្រពន្ធរត់ចោលខ្លួន ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១២ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩នៅភូមិចិន ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងនេះ មានឈ្មោះ វុន សុរឿន ភេទ ប្រុសអាយុ៣៦ ឆ្នាំរស់នៅភូមិ ឃុំ ខាងលើ ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរូបនេះមានទឹកមុខស្រងួតស្រងាត់ ខុសពីធម្មតា បន្ទាប់ពីប្រពន្ធទៅចោលបាត់ទៅ លុះព្រឹកឡើងគេមិនឃើញបុរសនេះបើកទ្វារដូចរាល់ដងនោះទេ រហូតដល់ម៉ោង១២ ដោយមានការសង្ស័យ អ្នកភូមិទៅមើលឃើញបុរសនេះ បានស្លាប់ដោយចងកបាត់ទៅហើយ និងបានរាយការណ៍ជូនសមត្ថកិច្ច ឲ្យជួយមកពិនិត្យសាកសព ។
ក្រោយពីសមត្ថកិច្ចបានធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានបញ្ជាក់ថា បុរសរូបនេះ ពិតជាបានធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន និង បានប្រគល់សាកសពជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីតែម្តង ៕ ចន្ថា