ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ ជិះម៉ូតូប៉ះម៉ូតូផ្សេងទៀត ខ្ទាតចូលរថយន្ត កិនបែកក្បាលស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បែកក្បាលស្លាប់ភ្លាមៗ គួរឲ្យអាសូរបំផុត ខណៈជួបករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូប៉ះម៉ូតូមួយគ្រឿងទៀតបញ្ច្រាសគ្នារួចខ្ទាតចូលរថយន្ត កិនចំក្បាលលាន់សូរប្រ៉ាវ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរតែម្ដង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១២ និង២០នាទី នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ លេខ១៥៨ និង១៥៩ ស្ថិតក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា បុរស ដែលស្លាប់មានឈ្មោះ ខឹម សុផាន អាយុ២៤ ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិសបួរ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1I.០៧៦៨ ខូចខាតយ៉ាងដំណំ ។

ចំណែកអ្នកបើករថយន្ត ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ថន រតនា ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មានទីលំនៅភូមិពាមកោះ ឃុំពាមរ ស្រុកពាមរ ខេត្តព្រៃវែង ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១I.០៧៦៨ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ១៥៨ និង១៥៩ ក្នុងទិសដៅពីលិចទៅកើត ក៏ប៉ះម៉ូតូមួយគ្រឿងទៀត បញ្ច្រាសគ្នារួច ក៏ខ្ទាតចូលរថយន្តមួយគ្រឿងម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣E-៦៩៩៧ ស្របគ្នាកិនបែកក្បាលស្លាប់តែម្ដង ។

បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចនគរបាលបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី និងវាស់វែងរួចអូសយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿង រក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីបំពេញសំណុំរឿងទៅតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖