ព័ត៌មានទាន់ហេតុការណ៍៖

របួសធ្ងន់ ៣នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ បើកជែងរថយន្ត

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សចំនួន ៣នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីលើកផ្សេងគ្នា ដែលបណ្ដាលមកពីកក្តាបើកបរប្រជែង ។

របាយការណ៍នគរបាលស្រុកបាកានឃើញថា នៅវេលាម៉ោង៩ និង១០នាទី ព្រឹកថ្ងៃអាទិត្យ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវថ្នល់លំក្រាលគ្រួសក្រហម ក្បែរស្ពានប្រឡា ១៧ ស្ថិតក្នុងភូមិអន្លង់ក្រាយ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយឈ្មោះ លុន ធី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអូរបត់ ឃុំអូរតាប៉ោង ស្រុកបាកាន បើកបរម៉ូតូ ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៌ខៀវ គ្មានស្លាកលេខ ធ្វើចរាចរណ៍ក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង លុះមកដល់ចំណុចកើតហេតុឡើងជើងរថយន្តយីឌុប ១គ្រឿងស្របទិសគ្នា ក៏ជ្រុលបុកជារថយន្ត ១គ្រឿងម៉ាក ហុកឡ ពណ៏ខៀវ ខណៈកំពុងធ្វើចរាចរណ៍ច្រាស់ទិសគ្នា បណ្ដាលឲ្យភាគីខាងម៉ូតូដួលរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះភ្លាមៗចំណែកវត្ថុតាងម៉ូតូ និងរថយន្តសមត្ថកិច្ចយកទៅរក្សាទុកជាបណ្ដោះអាសន្ន ។

ដោយឡែក៖ របាយការណ៍នគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងដែរថា នៅវេលាម៉ោង៨ និង៣០នាទី យប់ថ្ងៃដដែល នៅលើកំណាត់ផ្លូវថ្នល់ជាតិ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៨.១៧៩ ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកបានកើតឡើងផងដែរ ដោយបុរស ២នាក់ជិះម៉ូតូឌុបគ្នាក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះដល់ចំណុចកើតហេតុបានឡើងជើងរថយន្តខាងមុខ ក៏ជ្រុលបុកជាមួយរថយន្តមិនស្គាល់ម៉ាក ១គ្រឿងផ្សេង បណ្ដាលឲ្យដួលបោករងរបួសធ្ងន់ ២នាក់ ។

របាយការណ៍ដដែលបន្តទៀតថា ជនរងរបួសឈ្មោះ ផាន ភក្តី ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរឈ្មោះ រស់ រតនៈវិសាល ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ..ឃុំកើតហេតុជាមួយគ្នា ធ្វើដំណើររួមគ្នាដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៏ខ្មៅ ជនរងរបួសបញ្ជូនទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យខេត្តហើយបន្តទៅរាជធានីភ្នំពេញ ៕ បុឹម ពិន


ចែករំលែក៖