ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីថ្មីអ៊ុយក្រែន៖ បញ្ចប់សង្គ្រាមនៅតំបន់ភាគខាងកើត គឺជាអាទិភាពរបស់ប្រធានាធិបតីថ្មីអ៊ុយក្រែន

ចែករំលែក៖

វិវាទនៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែនបានកើតឡើងតាំងពីខែកុម្ភៈ ឆ្នាំ២០១៤ មកទល់ពេលនេះ មិនទាន់បញ្ចប់នៅឡើយ ។ នៅពេលនេះ មេដឹកនាំថ្មីបានប្តេជ្ញាបញ្ចប់សង្គ្រាម នៅទីនោះ នាំមកនូវសន្តិភាព និងបង្រួបបង្រួមជាតិ អ៊ុយក្រែន ។

នៅពេលនេះ ពលរដ្ឋអ៊ុយក្រែន បង្ហាញក្តីសប្បាយរីករាយយ៉ាងខ្លាំង ក្រោយពេលអតីតតារាកំប្លែង លោក Volodymyr Zelensky ទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោតជុំទី២ កាលពីថ្ងៃទី២១ ខែមេសា កន្លងមក ។ បណ្តាមេដឹកនាំជុំវិញពិភពលោក ក៏បានផ្ញើសារជូនពរផងដែរ ។

ក្រោយលទ្ធផលបណ្តោះអាសន្នបានប្រកាស ប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko ក៏បានទទួលស្គល់ពីការបរាជ័យរបស់ខ្លួន ផងដែរ នៅទីក្រុង Kiev ពលរដ្ឋជាច្រើនបាននាំគ្នាដង្ហែក្បួនអបអរសាទរ ដល់មេដឹកនាំថ្មី ដឹកនាំប្រទេសជាតិ ។

ប្រធានាធិបតីបារាំង លោក Emmanuel Macron និងសមភាគី ប៉ូឡូញ លោក Andrzej Duda បានជូនពរ ដល់ប្រធានាធិបតីថ្មីអ៊ុយក្រែន លោក Zelensky ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Jermy Hunt ក៏បាន ជូនពរផងដែរ ។ ក្រៅពីនេះអគ្គនាយក អង្គការណាតូ លោក Jens Stoltenberg និងប្រធានគណៈកម្មការអឺរ៉ុប លោក Donald Tusk បានបង្ហាញការគាំទ្រ និងបន្តសហការជាមួយអ៊ុយក្រែន ។

ជាមួយគ្នានេះ លោកZenlenskiy បានប្តេជ្ញា បញ្ចប់សង្គ្រាមនៅតំបន់ភាគខាងកើត អ៊ុយក្រែន ។ ការបញ្ចប់ សង្គ្រាមអ៊ុយក្រែន គឺជា អាទិភាព របស់ប្រធានាធិបតីថ្មី ។ លោក Volodymyr Zelenskiy អាយុ៤១ឆ្នាំ អតីតជាតារាកំប្លែងរបស់អ៊ុយក្រែន បានក្លាយជាប្រធានាធិបតីដ៏មានប្រជាប្រិយបំផុតរបស់ប្រទេសនេះ ដោយសារប្រជាពលរដ្ឋអ៊ុយក្រែន បានបោះឆ្នោតគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ។

ពលរដ្ឋអ៊ុយក្រែនជាង៤២លាននាក់ នឹងស្ថិតក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មី ដែលគ្មានបទពិសោធន៍ខាងនយោបាយនោះទេ នៅក្នុងអាណត្តិ៥ឆ្នាំខាងមុខនេះ ។ ក្នុងការបោះឆ្នោតជុំទី១ លោកZelenskiy ទទួលបានសំឡេងខ្ពស់ជាងប្រធានាធិបតី Petro Poroshenko អាយុ៥៣ឆ្នាំ ដែលជាមហាសេដ្ឋី ហើយនៅជុំទី២នេះ លោក Zelenskiy កាន់តែបន្តទទួលជ័យជម្នះ រហូតដល់៧២ភាគរយឯណោះ ក្នុងចំណោមលទ្ធផលសរុប ។

សូមបញ្ជាក់ថា មូលហេតុជាច្រើនដែលធ្វើឲ្យលោក Petro Poroshenko ចាញ់ឆ្នោតអតីតតារាកំប្លែង Zelenskiy ក្នុងនោះមានការប្រឆាំងនូវអំពើពុករលួយ, ការដឹកនាំប្រទេសដែលគ្មានការរីកចម្រើនសេដ្ឋកិច្ច ជាពិសេស ក្នុងអណត្តិដឹកនាំរបស់លោក Poroshenko ប្រទេសអ៊ុយក្រែនបានធ្លាក់ចូលទៅក្នុងវិបត្តិជាមួយរុស្ស៊ី ហើយប្រជាជនទាមទារផ្តាច់ខ្លួន រហូតឈានដល់ការផ្ទុះសង្គ្រាមស៊ីវិល សម្លាប់មនុស្ស ១៣ ០០០នាក់ ។

លោក Poroshenko មាននយោបាយទំនោរទៅរកលោកខាងលិច ហើយនៅក្នុងឆ្នាំ២០២០ខាងមុខ អ៊ុយក្រែនមានគម្រោងចូលជាមួយសហគមន៍អឺរ៉ុបផងដែរ ។

លោក Poroshenko ធ្លាប់បានប្រាប់អ្នកគាំទ្ររាប់ពាន់នាក់ថា លោក Zelenskiy នឹងត្រូវលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីកេងប្រវ័ញ្ច ប្រសិនបើគាត់បានជាប់ឆ្នោត ហើយថា ជ័យជម្នះរបស់លោក Zelenskiy នឹងធ្វើឱ្យរាំងស្ទះដល់ឱកាសរបស់អ៊ុយក្រែន ចូលក្នុងសហភាពអឺរ៉ុប ផងដែរ៕


ចែករំលែក៖