ភ្នំពេញ៖ បុរសម្នាក់ជាជាងផ្សាដំបូលត្រូវ ខ្សែភ្លើងឆក់ធ្លាក់បណ្ដាលឲ្យរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ និង៥០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិព្រែកធំ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះខាងលើមានឈ្មោះ រស្មី អាយុ ២២ ឆ្នាំមុខរបរ ជាងផ្សាដំបូង ស្នាក់នៅភូមិកើតហេតុខាងលើ និងមានស្រុកកំ ណើតនៅខេត្ដតាកែវ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ជនរងគ្រោះ និងជាង២នាក់ទៀត បានម៉ៅការធ្វើផ្សាដំបូលសំយ៉ាបផ្ទះកន្លែងកើតហេតុខាងលើ ។ បន្ទាប់ពីផ្សាតសំយ៉ាបរួចនោះ នៅព្រឹកថ្ងៃកើតហេតុជនរងគ្រោះ និងជាងម្នាក់ទៀតបានមកធ្វើការធម្មតា លុះដល់វេលាកើតហេតុជនរងគ្រោះបានឡើងទៅលើសំយ៉ាប់ដើម្បីប្រក់សង្ក័សី ស្រាប់តែកំពុងរៀបចំ មិនប្រយ័ត្ន ព្រីភ្លើងប៉ះជាមួយសង្ក័សីបណ្ដាលឲ្យឆ្លងចរន្ដអគ្គិសនីឆក់ជនរងគ្រោះធ្លាក់ចុះមកក្រោមបណ្ដាលឲ្យរងរបួសធ្ងន់តែម្ដង ។
ក្រោយកើតហេតុភ្លាមៗ ប្រជាពលរដ្ឋបាននាំគ្នាយកជនរងគ្រោះទៅកប់ក្នុងដីខ្សាច់ជួយសង្គ្រោះបឋម រួចក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន និងរថយន្ដសាម៉ុយរបស់មន្ទីរពេទ្យបង្អែកដង្កោ ចុះមកដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ហៅ ពេទ្យលោកសង្ឃ ដើម្បីជួយសង្គ្រោះជីវិតរបស់ជនរងគ្រោះ ៕ ភារ៉ា ដង្កោ