ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ២នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (គាស់ទ្វារ និងទូដែកយកគ្រឿងអលង្ការ) នៅចំណុចផ្ទះលេខ៦គ ផ្លូវលេខ ២០០៤ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីម៉ោង០៧ និង៣០នាទី ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថាជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែ មេសា ឆ្នាំ២០១៩ ម៉ោងជាង១រសៀល នៅចំណុចមុខផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
លោកនាយការិយាល័យបន្តថាជនសង្ស័យទី១-ឈ្មោះ ព្រុំ សារិទ្ធ ហៅ ហាន អាយុ៣៩ឆ្នាំ ជនជាតិ ខ្មែរមានទីលំនៅស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះ វង្ស សុជាតិ អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបររត់ម៉ូតូឌុប ។ ចំណែកជនរងគ្រោះឈ្មោះ ហ៊ សុទ្ធី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ ៦គ ផ្លូវលេខ ២០០៤ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរលក់ដូរ ។
វត្ថុតាងចាប់យក៖ម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ ១HL-៥៦២៨, ទូដែកចំនួន០១ (រក្សាទុកនៅផ្ទះជនរងគ្រោះ), ដែកគាស់ចំនួន ០២ដើម, ឈើជ្រុងទំហំ ៤គុណ៤ចំនួន ០២ដើម (មួយដើមប្រវែង ១៨០សង់ទីម៉ែត្រ), ចបជីកចំនួន០១, កាំបិតប៉័ងតោចំនួន០៣, អង្រែថ្មបុកគ្រឿងចំនួន០១ ។
សម្ភារបាត់បង់ៈ ខ្សែកធ្វើពីលោកហធាតុពណ៌លឿងស្លេក (ផ្លាកទីនទម្ងន់ ០៦ជី ចំនួន០៣ខ្សែ), កងដៃធ្វើពីលោកហធាតុពណ៌លឿងស្លេក (ផ្លាកទីនដាំត្បូងទម្ងន់ មួយតម្លឹង), ចិញ្ជៀនធ្វើពីលោកហធាតុពណ៌លឿងស្លេក (ផ្លាកទីន០១វង់ ទម្ងន់០៥ជី), ក្រវិលធ្វើពីលោកហធាតុពណ៌លឿងស្លេក (ផ្លាកទីនស ទម្ងន់០៣ជី) ៕ ជ្រោយពេជ្រ