ភ្នំពេញ៖ ក្រុមអ្នកជួលផ្ទះស្នាក់នៅក្នុង ភូមិត្រពាំងថ្លឹងទី២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននាំគ្នាផ្ទុះការតវ៉ាបិទផ្លូវ ខណៈម្ចាស់ផ្ទះជួលឡើងថ្លៃបន្ទប់ បង្កការភ្ញាក់ផ្អើលកាលពី៦ និង៣០នាទីយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ រហូតមកដល់យប់ថ្ងៃទី២២ ខែ ឆ្នាំដដែល នៅមិនទាន់ដោះស្រាយចេញ ទោះមានវត្តមានលោកចៅសង្កាត់ និងអភិបាលខណ្ឌក៏ដោយ ។
កម្មករ កម្មការិនីស្នាក់នៅផ្ទះជួល បាននិយាយថា ពួកគាត់ទើបមកពីស្រុកភ្លាម បានឮដំណឹងថា ម្ចាស់ផ្ទះជួល នឹងដំឡើងថ្លៃឈ្នួល១០ដុល្លារ ហើយនៅក្នុងនោះ ផ្ទះជួលធ្លាប់យកថ្លៃ៣០ដុល្លារ បានឡើងដល់៤០ដុល្លារ បូកសរុបទាំងថ្លៃទឹកភ្លើងផង នោះ អស់ប្រមាណ៦០ដុល្លារ តើលុយសល់ប៉ុន្មាន ដើម្បីចាយវាយក្នុងក្រុមគ្រួសារ? ។
តាមប្រភពព័ត៌មានពីចៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា នៅក្នុងផ្ទះជួល ដែលមានការគ្រប់គ្រងរបស់គាត់ មានផ្ទះជួលប្រមាណជាង៨០០បន្ទប់ និងមានមនុស្សរស់នៅប្រមាណជាង១ម៉ឺននាក់ផងដែរ ។ លោកបានបញ្ជាក់ថា ដោយសារតែប្រជាពលរដ្ឋនាំគ្នាបិទផ្លូវ ដើម្បីតវ៉ារឿងម្ចាស់ផ្ទះដំឡើងថ្លៃឈ្នួលថ្លៃពេក ខណ:នៅវេលាម៉ោងប្រហែល ៤ទៅ៥រសៀល ក្រុមកម្មករ កម្មការិនី បានមកតវ៉ាម្តងហើយ ហើយលោកចៅសង្កាត់បានមកសម្របសម្រួលថា នៅថ្ងៃទី២២ ខែមេសា នឹងកោះហៅម្ចាស់ផ្ទះខាងលើទៅសាលាខណ្ឌ ដើម្បីចរចាគ្នារកដំណោះស្រាយឲ្យពួកគាត់ ។
លោកកង វង ចៅសង្កាត់ចោមចៅទី១ បានបន្តថា ក្រោយពីហៅម្ចាស់ផ្ទះទៅសាលាសង្កាត់ធ្វើការសម្របសម្រួល និងពន្យល់រួច ម្ចាស់ផ្ទះ ក៏មានហេតុផង ហើយបានបញ្ចុះសល់ត្រឹម៥ដុល្លារតែប៉ុណ្ណោះ ។ លោកបានបន្តទៀតថា លោករួមទាំងអភិបាលខណ្ឌបានសូមណូពរដល់ម្ចាស់ផ្ទះបើចង់ឡើងថ្លៃផ្ទះជួល សូមជូនដំណឹងដល់អ្នកជួល៣ខែមុនផងដែរ ។
ក្រោយពីការសម្របសម្រួល កម្មការិនីខ្លះ ក៏យល់ព្រមខ្លះទៀត ក៏មិនទាន់យល់ព្រមផងដែរ ៕ សុខាសែន័យ