ខេត្តបន្ទាយមានជ័យ៖ ស្រុកក្រុងចំនួន៤ក្នុងខេត្តបន្ទាយមានជ័យគឺស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ ស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ បានបន្តរងគ្រោះដោយគ្រោះធម្មជាតិទៀតហើយ ខ្យល់កន្រ្តាក់លាយឡំ និងភ្លៀងផ្គរន្ទះដោយរន្ទះបាញ់សម្លាប់គោ៥ក្បាល បំផ្លាញផ្ទះសរុប៨១ខ្នង និងសាលារៀន១ខ្នង ក្នុងហេតុការណ៍កើតឡើងនៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ។ ហេតុការណ៍គ្រោះធម្មជាតិនោះ សេចក្តីរាយការណ៍ឲ្យដឹងថាពុំបណ្តាលឲ្យមនុស្សរងគ្រោះថ្នាក់នោះឡើយ ។
បើយោងតាមរបាយកាណ៍បឋមរបស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រុកឲ្យដឹងថា គ្រោះធម្មជាតិបង្កប៉ះពាល់២ឃុំគឺឃុំប៉ោយចារ និងឃុំពន្លៃ ក្នុងនោះឃុំពន្លៃរន្ទះបាញ់សម្លាប់គោ៥ក្បាល នៅក្នុងភូមិតាវង ខណៈដែលគោ៥ក្បាលត្រូវបានម្ចាស់ប្រលែងឲ្យស៊ីស្មៅនៅវាលស្រែ ម្ចាស់ឈ្មោះ សេ ហូ ភេទប្រុសអាយុ៦៤ឆ្នាំ ។ នៅឃុំប៉ោយចារ ផ្ទះចំនួន៤ភូមិសរុប១៦ខ្នងរងការខូចខាតដោយរបើកដំបូលនៅភូមិតាអុង១០ខ្នង, ភូមិត្រពាំងថ្មខាងជើង២ខ្នង, ភូមិត្រពាំងថ្មខាងត្បូង២ខ្នង និងភូមិត្រពាំងថ្មកណ្តាល២ខ្នង ។
ខ្យល់កន្រ្តាក់ផងដែរបើយោងតាមរបាយការណ៍បឋមរបស់អធិការដ្ឋាននគរបាលស្រុកស្វាយចេក, អធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ និងអធិការនគរបាលក្រុងសិរីសោភ័ណ ឲ្យដឹងថា ស្រុកស្វាយចេកខ្យល់កន្រ្តាក់បំផ្លាញផ្ទះអ្នកភូមិ៦១ខ្នង សាលារៀន១ខ្នង ស្ថិតនៅក្នុងឃុំសារង្គ ក្នុងនោះភូមិភាសជើងរបើកដំបូលផ្ទះ១៣ខ្នង, ភូមិភាសត្បូងរបើកដំបូលផ្ទះ៤ខ្នង, ភូមិជ្រុងរបើកដំបូលផ្ទះ៩ខ្នង, ភូមិផ្លាកង់របើកដំបូលផ្ទះ១ខ្នង, ភូមិគោកភ្លូរ២៤ខ្នង, ភូមិកន្រ្ទង់របើកដំបូល២៤ខ្នង និងរបើកដំបូលសាលាបឋមសិក្សាសារង្គ១ខ្នង ។ ស្រុកព្រះនេត្រព្រះ ខ្យល់កន្រ្តាក់បង្កប៉ះពាល់២ឃុំគឺឃុំឈ្នួរមានជ័យ និងឃុំបុស្បូវរងការខូចខាតផ្ទះ៣ខ្នងរបើកដំបូល២ខ្នង និងដួលរលំ១ខ្នង ដោយឡែកក្រុងសិរីសោភ័ណបង្កការខូចខាតផ្ទះ២ខ្នងរបើកដំបូលផ្ទះនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ។
សូមរំលឹកថាជុំវិញគ្រោះធម្មជាតិខ្យល់កន្រ្តាក់នៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ស្រុកក្រុងចំនួន៨ គឺស្រុកស្វាយចេក, ស្រុកភ្នំស្រុក, ស្រុកអូរជ្រៅ, ស្រុកមង្គលបូរី, ស្រុកព្រះនេត្រព្រះ, ស្រុកថ្មពួក, ក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែតបានរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់លាយឡំ និងភ្លៀងផ្គររន្ទះនោះផងដែរបណ្តាលឲ្យរន្ទះបាញ់សម្លាប់មនុស្ស២នាក់ខណៈជិះម៉ូតូមេឃកំពុងភ្លៀង និងមនុស្ស២នាក់ទៀតរងរបួសដោយផ្ទះរលំត្រូវក្នុងនោះមានផ្ទះ២២១ខ្នងរងការខូចខាត, រោងម៉ាស៊ីនកិនស្រូវ២ខ្នង, ឃ្លាំង១ខ្នង និងសាលាឆទាន១ខ្នង ផងដែរ ៕ សំ វិច្ឆិកា