ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ក្រោយពីធ្វើសកម្មភាពឆក់កាបូប ពីនារីម្នាក់បានសម្រេច ហេតុការណ៍នេះធ្វើឡើងកាលពីម៉ោង៩ យប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅតាមផ្លូវលេខ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនសង្ស័យ ឈ្មោះ សូត្រ លាងហេង អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះមានឈ្មោះ សុខ ជាតា អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
បើតាមសម្ដីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរចេញពីបន្ទប់ជួលរបស់ខ្លួនជាមួយមិត្តភក្ត្រ័ក្នុងគោលបំណងទីហូបអីនៅផ្សារអីអន២ ដោយធ្វើដំណើរតាមផ្លូវ១៩២៨ ដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿង មកជិតជនរងគ្រោះ រួចជនសង្ស័យបានធ្វើសកម្មភាពឆក់យកកាបូបប្រាក់ពីជនរងគ្រោះ តែត្រូវជនរងគ្រោះស្រែកថាចោរៗ ធ្វើឲ្យជនសង្ស័យជិះម៉ូតូទៅរេចង្កូតទៅបុកម៉ូតូកង់បីឥណ្ឌាបណ្តាលឲ្យដួលម៉ូតូ ភ្លាមនោះកម្លាំងល្បាតរបស់អធិការដ្ឋានបានធ្វើការល្បាតដល់ចំណុចកើតហេតុ ឃើញហេតុការណ៍បានឃាត់ខ្លួនជនសង្ស័យបានម្នាក់មកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀតឈ្មោះ រុន បានគេចខ្លួន ។
វត្ថុតាងចាប់យក ៖កាបូបយួរដៃពណ៌ផ្កាឈូក ចំនួន០១ ក្នុងនោះមានលុយ ២០.០០០រៀល និងទូរស័ព្ទដៃ (អុិនចុចពិល)០១គ្រឿង ប្រគល់ជនរងគ្រោះវិញ , ម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌ស ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GE-2912 របស់ជនសង្ស័យ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីអនុវត្តតាមនីតិវិធី ៕ ជ្រោយពេជ្រ