ខេត្តត្បូងឃ្មុំ ៖ ឆ្លើយតបតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋចំនួន៤ទៅ៥ខេត្ត បានចោទប្រកាន់ទៅ លើបុរសម្នាក់ឈ្មោះ ស៊ូ យាន ដែលបានប្រើប្រាស់នូវពាក្យប្រមាថធ្ងន់ៗទៅលើសម្ដេចតេជោ ហ៊ុន សែន ដែលជាមុខដឹនាំដ៏ឆ្នើមរបស់កម្ពុជា កម្លាំងនគរបាលខេត្តត្បូងបានចាប់ឃាត់ខ្លួនជននេះបញ្ជូនមក ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។
មន្ត្រីនគរបាលខេត្តត្បូងឃ្មុំឲ្យដឹងថា ជននេះ ឈ្មោះ ស៊ូ យាន ត្រូវបានកម្លាំងចុះចាប់នៅផ្ទះរបស់ខ្លួនតែម្ដង ស្ថិតក្នុងភូមិប្រិយ៍ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធជាមួយបណ្ដឹងរបស់ប្រជាពលរដ្ឋជាច្រើននាក់ ដែលបានប្រើពាក្យប្រមាថធ្ងន់ៗ ទៅលើសម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងអ្នកគាំទ្រសម្ដេចរាប់លាននាក់ តាមរយៈបណ្ដាញសង្គម ។
យោងតាមបណ្តឹងពីលោក ប៉ាន់ខែម ប៊ុនថន ក្នុងចំណោមប្រជាពលរដ្ឋ៤ទៅ៥ខេត្តបានបញ្ជាក់ថា ក្នុងនាមតំណាងប្រជាពលរដ្ឋទាំងអស់ ដែលគាំទ្រសម្តេច តេជោ ហ៊ុន សែន លោកមិនសុខចិត្ត និងទទួលយកមិនបានឡើយ ចំពោះការប្រមាថរបស់បុគ្គល ស៊ូ យាន ដែលបង្ហាញសារប្រមាថ ញុះញង់បែបនេះ នៅលើបណ្ដាញសង្គម Facebook ជាបន្ដបន្ទាប់ ។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរ បាលខេត្តត្បូងឃ្មុំ បានថ្លែងឲ្យដឹថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចរចាប់ខ្លូននៅក្នុងផ្ទះនេះ ធ្វើឡើងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋចំនួន ៤ទៅ៥ខេត្ត ដោយចោទប្រកាន់បុរសនេះថា បានប្រើប្រាស់នូវពាក្យប្រមាថធ្ងន់ៗទៅលើសម្ដេចតេជោ ហ៊ុន សែន ដែលជាមុខដឹនាំដ៏ឆ្នើមរបស់កម្ពុជា ។
លោកអះអាងថា ការចាប់ខ្លួននេះក៏ធ្វើឡើងទៅតាមដីកាបញ្ជាឲ្យចាប់ខ្លួនរបស់ លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំផងដែរ ដោយចោទប្រកាន់ពីបទ «ញុះញងឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមរយៈគណនី Facebook ឈ្មោះ Su Yean កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩» ។
លោកឧត្តមសេនីយ៍ស្នងការបានបន្ថែមថា រហូត មកដល់ពេលនេះ ជនសង្ស័យកំពុងស្ថិតក្រោម ការសួរនាំរបស់កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។
ពាក់ព័ន្ធនឹងចាប់ខ្លួនជននេះ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ចេញទស្សនៈនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា «បងប្អូនលេង Facebook សូមយល់២ចំណុចខុសគ្នា ដើម្បីជៀសវាងប្រើសេរីភាពខុស ហើយកុំសាងកម្មដោយសេចក្តីប្រមាថ នាំឲ្យទទួល «ពៀរ» តបវិញ៖ ១- មនុស្ស អាចទ្រាំទទួលយក ពាក្យរិះគន់ ។ ក៏ប៉ុន្តែ ២- មនុស្ស មិនអាចទទួលយកពាក្យ «ប្រមាថ» បានទេ ។ «ការប្រមាថ» កើតពីអវិជ្ជា ។ អវិជ្ជា នាំឲ្យមានទុក្ខទោស » ៕ វណ្ណៈ