ពេលថ្មីៗនេះ ទំនាក់ទំនងរវាង អ៊ីរ៉ង់ នឹងអ៊ីស្រាអែល អាមេរិក ប្រឈមមុខតានតឹងកាន់តែខ្លាំងៗឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសទាំងបី ប្រែប្រួលអាក្រក់ទៅ កំពុងជំរុញឲ្យធ្លាក់ក្នុងសង្គ្រាមជាទ្រង់ទ្រាយធំ ។
កន្លងមកថ្មីៗ ប្រធានាធិបតីអ៊ីរ៉ង់ លោក រ៉ូហានីបានអំពាវនាវដល់ប្រទេសជិតខាងក្នុងតំបន់មជ្ឈិមបូព៌ា រួមសាមគ្គីប្រឆាំងនឹងចេតនាអាក្រក់របស់អាមេរិក និងអ៊ីស្រាអែល ។ លោកបន្តទៀតថា អាមេរិក និងសម្ព័ន្ធមិត្តអ៊ីស្រាអែល ជាប្រភពបង្កឲ្យមានអសន្តិសុខនៅក្នុងតំបន់ ។
ប្រធានាធិបតី រ៉ូហានី បញ្ជាក់ទៀតថា កម្លាំងប្រដាប់អាវុធអ៊ីរ៉ង់់ មិនមែនជាការគំរាមកំហែងដល់ប្រទេសណាមួយនៅក្នុងតំបន់នោះឡើយ ។ លោកបន្តទៀតថា «ប្រទេសនៅក្នុងតំបន់បានរួមរស់ជាមួយគ្នា អស់រយពេលជាច្រើនទសវត្សរ៍កន្លងមក ដោយមិនដែលមានបញ្ហាអ្វីនោះឡើយ…ហើយបើមានបញ្ហាគឺប្រទេសផ្សេងក្រៅតំបន់ជាអ្នកបង្កឡើង» ។
គេហទំព័រ Israeltoday.co.il បានផ្សាយថា បច្ចុប្បន្នអ៊ីរ៉ង់់កំពុងតែត្រៀមលក្ខណៈសម្រាប់ធ្វើសង្គ្រាមជាមួយអ៊ីស្រាអែល ដោយអ៊ីរ៉ង់ បានធ្វើសមយុទ្ធជាទ្រង់់ទ្រាយធំ បាញ់មីស៊ីល មានឈ្មោះថា Bayt al Maqdis គឺជាឈ្មោះ ដែលក្រុមជនជាតិអ៊ីស្លាមបានដាក់ឲ្យតំបន់ ជេរ៉ូសាឡឹម នាពេលកន្លងមក ។
ជាមួយគ្នានេះ អ៊ីរ៉ង់បានបង្កើនវត្តមានយោធានៅក្នុងទឹកដីស៊ីរី ហើយបានជួលកំពង់ផែមួយកន្លែងនៅក្នុងខេត្ត Latakia ។ នៅពេលនេះ កម្លាំងទាហានបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់់ IRGC កំពុងតែប្រើប្រាស់ ដើម្បីដឹកជញ្ជូនសព្វាវុធទៅកាន់ស៊ីរី ត្រៀមវាយប្រហារទៅលើប្រទេសអ៊ីស្រាអែល ។
ក្រុមអ្នកឯកទេសបញ្ជាក់ថា កម្លាំងទាហានអ៊ីរ៉ង់់ មិនមែនជាដៃគូស្មើភាពរបស់កម្លាំងទាហានអាមេរិក និងអ៊ីស្រាអែលនោះឡើយ ប៉ុន្តែ អ៊ីរ៉ង់់មានការប្តេជ្ញាខ្ពស់ ក្នុងការធ្វើសង្គ្រាមការពារទឹកដី គេចផុតពីការឈ្លានពានរបស់សត្រូវ ។
អ៊ីរ៉ង់ក៏មានអាវុធទំនើបៗ ជាច្រើន ផងដែរ ក្នុងនោះមាន មីស៊ីល រយៈចម្ងាយខ្លី និងមធ្យម Shihab-3 អាចបាញ់បានចម្ងាយ ដល់ទៅ១២០០គីឡូម៉ែត្រ ។ ពេលថ្មីៗ អ៊ីរ៉ង់ក៏បានសាកល្បង មីស៊ីល ប្រភេទ Khorramshar អាចបាញ់ចំគោលដៅនៅលើទឹកដីអ៊ីស្រាអែល ដោយមីស៊ីលនេះ បាញ់បានចម្ងាយដល់ទៅជិត២០០០គីឡូម៉ែត្រ ។
នៅពេលនេះដែរ មេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់ លោក Alireza Tanqsiri បានប្រកាសថា «តាមច្បាប់អន្តរជាតិ ច្រកសមុទ្រ Hormuz ជាផ្លូវអន្តរជាតិ ហើយបើសិនយើងហាមប្រាមប្រើប្រាស់នោះ យើងនឹងបិទទ្វារ» ។
មេបញ្ជាការកម្លាំងទាហានបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ លោក IRGC បានព្រមានថា អ៊ីរ៉ង់មិនទទួលបានការអនុញ្ញាត ឲ្យនាំប្រេងចេញតាំច្រកសមុទ្រ Hormuz អ៊ីរ៉ង់់ នឹងបិទផ្លូវសមុទ្រមួយនេះ មិនអនុញ្ញាតឲ្យប្រទេសណាមួយដឹកប្រេងចេញនោះឡើយ ។
ការលើកឡើងរបស់ លោក Alireza Tanqsiri ក្រោយពេលដែលអាមេរិក បានប្រកាស ដាក់ទណ្ឌកម្មទៅលើប្រទេសណាដែលទិញប្រេងពីអ៊ីរ៉ង់់ ។ ការលើកលែងរបស់អាមេរិកបានផុតកំណត់នៅចុងខែមេសានេះ ។ ការសម្រេចខាងលើរបស់អាមេរិក នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសជាសម្ព័ន្ធមិត្ត ក្នុងនោះមានជប៉ុន និងកូរ៉េខាងត្បូង ផងដែរ ។
ជាមួយគ្នានេះ អាមេរិក និង សាឌីអារ៉ាប៊ី បានប្រកាសថា ប្រទេសទាំងពីរ នឹងធានាដល់ការផ្គត់ផ្គង់ប្រេង នៅលើទីផ្សារពិភពលោក មិនឲ្យខ្វះនោះឡើយ ។
នេះមិនមែនជាលើកទីមួយនោះទេ ដែលអ៊ីរ៉ង់់បានព្រមានបិទច្រកសមុទ្រ Hormuz។ កន្លងមក មេបញ្ជាការកងទ័ពអ៊ីរ៉ង់ ក៏បានព្រមានថា បើអ៊ីរ៉ង់មិនអាចនាំប្រេងចេញបាន គឺគ្មានប្រទេសណាមួយនៅក្នុងតំបន់ នាំប្រេងចេញបានឡើយ សូម្បីតែមួយដំណក់ ។
សកម្មភាពខាងលើ កើតឡើង ក្រោយពេលដែល សហរដ្ឋអាមេរិក ប្រកាសនៅថ្ងៃទី២២ ខែមេសាថា ប្រទេសនាំចូលប្រេង ពីអ៊ីរ៉ង់់ទាំងអស់ នឹងចាំបាច់ត្រូវបញ្ចប់ការ នាំចូលរបស់ខ្លួន នៅក្នុងរយៈពេលខ្លីខាងមុខនេះ បើមិនដូច្នោះទេ នឹងទទួលរងទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ។
យោងតាមកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ បានឲ្យដឹងថា សហរដ្ឋអាមេរិកមានយុទ្ធនាការដាក់សម្ពាធសេដ្ឋកិច្ចជាអតិបរិមាមួយ លើប្រទេសអ៊ីរ៉ង់ ហើយតាមរយៈទណ្ឌកម្ម សហរដ្ឋអាមេរិកមានគោលដៅ រារាំងការនាំចេញប្រេងរបស់ប្រទេសអ៊ីរ៉ង់់ ដែលជាហេតុធ្វើឲ្យរាំស្ទះប្រភពចំណូលដ៏ចម្បងរបស់ទីក្រុងតេអេរ៉ង់ ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មឡើងវិញ លើការនាំចេញប្រេងអ៊ីរ៉ង់់ កាលពីខែវិច្ឆិកា បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ដែលធ្វើឡើងរវាងអ៊ីរ៉ង់់ នឹងមហាអំណាចពិភពលោកចំនួន៦ ។ ទីក្រុងវ៉ាស៊ីនតោន កំពុងតែដាក់សម្ពាធប្រទេសអ៊ីរ៉ង់់ ឲ្យបោះបង់កម្មវិធីនុយក្លេអ៊ែ និងឲ្យឈប់គាំទ្រកងកម្លាំង ពួកសកម្មប្រយុទ្ធ នៅទូទាំងតំបន់មជ្ឈិមបូព៌ា ៕